Connect with us

ជីវិតកម្សាន្ដ

លទ្ធផលមិនក្បត់ការខំប្រឹង! G-Devith និង ទេព បូព្រឹក្ស មានស្នាដៃជំរុញតម្លៃវប្បធម៌ជាតិ ឱ្យរស់រវើកលើឆាកតន្ត្រីសម័យ

បានផុស

នៅ

ក្នុងបរិបទឧស្សាហកម្មតន្ត្រីកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តារាចម្រៀងពីរដួង គឺអ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith បានក្លាយជាគំរូគួរឱ្យចាប់អារម្មណ៍ តាមរយៈការបង្ហាញសមត្ថភាពក្នុងការបញ្ចូលគ្នារវាងតន្ត្រីសម័យ និងសិល្បៈវប្បធម៌ជាតិខ្មែរ ឱ្យក្លាយជាស្នាដៃដែលមានទាំងភាពទំនើប និងអត្តសញ្ញាណច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈស្នាដៃតន្ត្រីជាច្រើន តារាចម្រៀងល្បីឈ្មោះទាំងពីរដួង បានយកធាតុផ្សំនៃសិល្បៈបុរាណ ដូចជា ចង្វាក់ បទភ្លេង និងទស្សនីយភាពសិល្បៈបុរាណ មកបន្សំជាមួយនឹងបច្ចេកទេសផលិតតន្ត្រីបែបថ្មី។ មិនតែប៉ុណ្ណោះ ស្នាដៃនេះ ក៏បានចូលរួមជួយបង្កើនការយល់ដឹងពីវប្បធម៌ខ្មែរ ដល់អ្នកស្តាប់ជំនាន់ថ្មី និងអន្តរជាតិផងដែរ ពិសេសមានការសាទរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន Round Festival 2026 នៅហ្វីលីពីន ។

ឆ្លៀតក្នុងការឱកាសនេះដែរ នាដការរបាំបុរាណ ចាប សុីដាណាល់ ក្នុងនាមជាអ្នកដឹកនាំក្រុមសិល្បៈបុរាណ និងជាអ្នកសម្តែងផ្ទាល់ ក៏បានបង្ហាញមោទនភាពក្នុងការនាំយកសិល្បៈវប្បធម៌ និងជាអត្តសញ្ញាណជាតិ ទៅបង្ហាញលើឆាកព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះផងដែរ។

យ៉ាងណាមិញ ជោគជ័យនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្ពស់ ក្នុងការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតជាបន្តបន្ទាប់។ ជាក់ស្តែង តារាចម្រៀងទាំងពីរដួង បានយកចិត្តទុកដាក់លើគុណភាពស្នាដៃ ទាំងផ្នែកសំឡេង រូបភាព និងអត្ថន័យ ដើម្បីធានាថា ស្នាដៃនីមួយៗអាចឆ្លុះបញ្ចាំងទាំងរសនិយមបែបសម័យ ទន្ទឹមនឹងដួងព្រលឹងនៃវប្បធម៌ជាតិខ្មែរ ក្នុងចំណោមនោះ មានដូចជា៖

ការចងភ្ជាប់តន្ត្រីជាមួយសាវតារខ្មែរ បង្ហាញពីលទ្ធិទេវរាជ និងជាសារដាស់តឿន

១. បទ «ទេវរាជ» ច្រៀងដោយអ្នកនាង ទេព បូព្រឹក្ស ជាស្នាដៃតន្ត្រីបែបទំនើបលាយបញ្ចូលប្រវត្តិសាស្ត្រយ៉ាងល្អឥតខ្ចោះ ក្នុងន័យលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការរំលឹកលទ្ធិទេវរាជ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ និងដើមកំណើតអាណាចក្រអង្គរ។ បទនេះក៏ជាសារសំខាន់ក្នុងការដាស់តឿនយុវជនឱ្យស្គាល់ឫសគល់វប្បធម៌ រួបរួមសាមគ្គី និងអភិវឌ្ឍខ្លួនសម្រាប់ជាតិ ខណៈបញ្ចូលស្ទីល Rap ជាមួយភ្លេងបុរាណ បង្កើតភាពទាក់ទាញ និងសម្គាល់អត្តសញ្ញាណខ្មែរយ៉ាងច្បាស់។

២. យុទ្ធសង្គ្រាម “War Of Warriors” វណ្ណកម្មចម្រៀងថ្មីនេះ គឺធ្វើឡើងស្របពេលនៃការឈ្លានពានរបស់ពូជចោរប្រវត្តិសាស្ត្រ ថៃ រំលោភលើដែនអធិបតេយ្យកម្ពុជា ដោយយកបរិបទប្រវត្តិសាស្ត្រមកបកស្រាយជាសំឡេងតន្ត្រី ហើយពណ៌នាយ៉ាងសុីជម្រៅនៃសាវតាឈ្លានពានរបស់ជាតិសាសន៍នេះ លើដែនកម្ពុជាដ៏ល្អផូរផង់។

៤. ចតុរង្គគុនខ្មែរ ជាបទចម្រៀងបែប Epic/Hip-hop ដែលលើកតម្កើងសិល្បៈ គុនខ្មែរ ឱ្យឃើញនូវភាពអង់អាច ខ្លាំងក្លា និងអត្តសញ្ញាណជាតិយ៉ាងច្បាស់។ សារសំខាន់នៃបទនេះ គឺបង្ហាញពីយុទ្ធគុនខ្មែរដែលមានតឹកតាងយ៉ាងច្បាស់លាស់ពីសម័យដូនតាខ្មែរដ៏រុងរឿង តាមរយៈនិមិត្តរូប “ស្តេចគ្រុឌ” និងដៃរុំអំបោះឆៅ ដែលតំណាងឱ្យភាពស៊ូទ្រាំ និងភាពរឹងមាំ។ បទនេះក៏មានគោលបំណងលើកកម្ពស់គុនខ្មែរ និងវប្បធម៌ជាតិឱ្យឈានដល់ឆាកអន្តរជាតិផងដែរ។

៤. មហានគរ (यशोधरपुर Yaśōdharapura) ជាបទចម្រៀងដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងចំណោមបទចម្រៀងរសនិយមបែបវប្បធម៌របស់ G-Devith រហូតមានការជជែកវែកញែកពីតថភាពប្រវត្តិសាស្ត្រពិត នៃសម័យដ៏រុងរឿងរបស់ជាតិ។ ចំណែកឯអត្ថន័យវិញ ក៏មិនសូវជាមានគោលបំណងខុសពីបទខាងលើដែរ គឺក្នុងន័យផ្សព្វផ្សាយ និងលើកស្ទួយតម្លៃអត្តសញ្ញាណជាតិ។

៥. វីរនារី
តាមរយៈចម្រៀងមួយបទនេះ គឺមានការរួមបញ្ចូលដោយទ្សនីយភាពសិល្បៈបុរាណខ្មែរផងដែរ ដោយមានការរួមសម្តែងដោយក្រុមនាដការរបាំបុរាណ រួមមាននាដការរបាំ ចាប ស៊ីដាណាល់ (CHAB SYDANAL), លាវ ច័ន្ទលិកា (LEAV CHANLYKA), ឌួង សុខជា (DOUNG SOKCHEA), ពឿន ប្រុសពៅ (POEUN BROSPOV), ចេក សាំងថន (CHEK SANGTHORN), ជួន ភារ៉ា (CHOUN PHEARA), ចំរើន វីដ (CHAMROEUN VIT), ចាប ស៊ីដាណែល (CHAB SYDANEL), ពឿន ថារី (POEUN THARY), នក អ៊ែនីវ័ន្ត (NORK AIRNYVONE) ។

ដោយឡែក នៅមានចម្រៀង ២បទទៀត ដែលជាការរួមបញ្ចូលគ្នាមួយបែប ក្នុងន័យជំរុញផ្សាព្វផ្សាយ និងលើកតម្លៃវប្បធម៌ជាតិ គឺ Goblin និង Speechless ។

Speechless ដ្បិតជាចម្រៀងដែលពណ៌នាពីដំណើរជីវិតរបស់តារាចម្រៀងរូបនេះក៏ពិតមែន ប៉ុន្តែចំពោះអត្ថន័យនៃបទចម្រៀងនេះវិញ G-Devith បានពាំនាំនូវសារដ៏សំខាន់ ២ ទៅកាន់យុវជនខ្មែរ គឺកំហុសក្មេងខ្ចីដែលយល់ខុសថាការសិក្សាគ្មានតម្លៃ និងមួយទៀត គឺដាស់តឿនយុវជនខ្មែរ ត្រូវស្គាល់តម្លៃអត្តសញ្ញាណជាតិ ហើយធ្វើអ្វីដែលគួរគប្បីសម្រាប់ទាំងខ្លួនឯង និងសង្គមជាតិ។

ក្រៅពីវណ្ណកម្មចម្រៀង តារាចម្រៀងប្រុសស្រីទាំង ២ដួងនេះ ក៏តែងនាំយកអត្តសញ្ញាណវប្បធម៌ជាតិ ទៅបង្ហាញឆាកព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានាផងដែរ។

វណ្ណកម្មតន្ត្រីរបស់សិល្បករទាំងពីរនេះ បានបង្ហាញថា តន្ត្រីមិនមែនត្រឹមជាការកម្សាន្តទេ ប៉ុន្តែជាមធ្យោបាយដ៏មានអានុភាពក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងការបង្កើនស្មារតីស្នេហាជាតិ។ ការច្នៃប្រឌិតរវាងអតីតកាល និងបច្ចុប្បន្ន បានធ្វើឱ្យស្នាដៃរបស់អ្នកទាំងពីរក្លាយជាគំរូសំខាន់សម្រាប់វិស័យតន្ត្រីខ្មែរ នៅសម័យទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម