Connect with us

ចរាចរណ៍

ស្នងការរាជធានី បញ្ចេញសម្លេងអ្នកគ្រូពេទ្យព្យា​បាល​ជនរងគ្រោះ បន្ទាប់ពីចោទថា សមត្ថកិច្ចចាប់ដៃឲ្យផ្តិតមេដៃបញ្ចប់រឿង (​ មានសម្លេង )

បានផុស

នៅ

បន្ទាប់ពីបានឃើញជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយចោទថា សមត្ថកិច្ចចាប់ដៃឲ្យផ្ដិតមេដៃទាំងខ្លួនកំពុងសន្លប់ដើម្បីទទួលសំណងបញ្ចប់រឿងនោះមក ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចេញសារសម្លេងរបស់អ្នកគ្រូពេទ្យដែលបានព្យាបាលជនរងគ្រោះផ្ទាល់ដោយបញ្ជាក់ថា ជនរគ្រោះមានស្មារតីធម្មតា មិនមានសន្លប់នោះទេ គ្រាន់តែរងរបួសភ្នែក ក្បាល និងត្រង់ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋស្តាប់សម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ នេះជាសម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិក ពន្លឺ​ ដែលជន​រងគ្រោះឈ្មោះ​ ម៉ុច​ សហរីល័ក្ខ​ បានទៅសម្រាកព្យាបាលរបួស បន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង​០២​និង១០នាទី​ នៅលើស្ពានជ្រោយចង្វារចាស់​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

ស្នងការរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា អ្នកគ្រូពេទ្យបានបញ្ចាក់ថា​ អ្នករបួសមិនបានសន្លប់ដូចដែលលើកឡើងប្រាប់​សា​រព័ត៌មានTVFB នោះទេ​ គឺគាត់មានស្មារតីគ្រប់គ្រាន់​ និងបានដើរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង​ មិនមានការសែង​ចូលនោះទេ មានន័យថា ជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។ ម៉្យាងទៀតក៏មានមនុស្ស​ដែលស្គាល់​គ្នាចំនួន២នាក់ នៅជាមួយជនរងគ្រោះជាប់រហូត​ ហើយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច​ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ​។ ទាំងនេះហើយ​ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ​ ដែលបាន​ព្យាបាលឈ្មោះ​ ម៉ុច​ ស្រីល័ក្ខ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងត្រង់ចំណុចមុខបង្គោលភ្លើងទី៤ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978។

បន្ទាប់មករថយន្តបើរត់គេចពីកន្លែងកើតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទើបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបើកបរ​បញ្ជូនយកទៅការិយាល័យចរាចរណ៍ផ្លូវគោក។

បើតាមសមត្ថកិច្ច ភាគីរថយន្ត ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ ៥៣ ផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ ៥​ ខែធ្នូ​ ឆ្នាំ២០២២​)។

ចំណែកភាគីម៉ូតូ ជាជនរងគ្រោះម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978  បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី ២-ឈ្មោះ  មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ ២២៥ ផ្លូវលេខ ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងករណីគ្រោះថ្នាក់នេះ បើតាមសមត្ថកិច្ចដដែល ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​២,៥០០​ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិត​ដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ)។

ម្យ៉ាងវិញទៀត ដោយផ្នែកតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វើការផាកពិន័យ​ចំនួន​ ២លាន​រៀល​ តាមមាត្រា ១០ថ្មី​ នៃអនុក្រឹត្យលេខ ៣៩អនក្រ.បក​ ចុះថ្ងៃទី ១៧​ ខែមីនា​ ឆ្នាំ ២០២០​។

ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ។ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហើយ​កម្លាំងជំនាញបានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់។

នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា រាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដើម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ ចំណែកឯភាគីទាំង ២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម