ចរាចរណ៍
ឆមាសទី ១ ឆ្នាំ ២០២៣ កម្មករនិយោជិតគ្រោះថ្នាក់ចរាចរណ៍ជាង ៦០០ ករណី
អគ្គនាយករងបេឡាសន្តិសុខសង្គម បង្ហាញថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ៦៣៦ ករណី ដែលបង្កឲ្យមានជនរងគ្រោះ ៦៩៦ នាក់។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាសន្តិសុខសង្គម បញ្ជាក់នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ ថា ក្នុងចំណោមកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺមានអ្នកស្លាប់ ១៧ នាក់ របួសធ្ងន់ ២០០ នាក់ និងរបួសស្រាល ៤៧៩ នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត។

ក្នុងពិធីផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង លោក ហេង សុផាន់ណារិទ្ធ បានរំលេចដែរថា ព្រោះតែមើលឃើញពីកត្តាហានិភ័យខាងលើ ទើបបេឡាសន្តិសុខសង្គម និងស្ថាប័នពាក់ព័ន្ធបង្កើនការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវឲ្យយល់ដឹងកាន់តែច្បាស់ទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ បើកបរដោយប្រុងប្រយ័ត្នជានិច្ច និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ និងលើវាសនាខ្លួនឯង ព្រមទាំងចេះទទួលខុសត្រូវលើវាសនាអ្នកដទៃ។

បញ្ហាប្រឈមទាំង កម្មករ និងនិយោជិត មេត្តាគួរបញ្ឈប់ ហើយងាកមកចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង ព្រមទាំងអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ថ្លែងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បច្ចុប្បន្នមិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្សប៉ុណ្ណោះទេ ពោលគឺវាថែមទាំងបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនរួមមាន ៖ ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ និងផ្ដល់ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមទៀតផង។

ដូច្នេះលោកស្នើសុំដល់កម្មករ និងនិយោជិត បន្តចូលរួមបង្កើនការយល់ដឹង និងគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ចៀសវាងធ្វេសប្រហែសចំពោះការបើកបរដែលងាយបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈ។

លោកអភិបាលរងខេត្ត បន្ថែមថា គ្រប់អ្នកបើកបរ ត្រូវមានសីលធម៌ក្នុងការបើកបរតាមដងផ្លូវ និងគោរពច្បាប់ ពិសេសបែងចែកឲ្យបានច្បាស់រវាងផ្លូវធ្វើដំណើររថយន្ត និងផ្លូវម៉ូតូ កុំបើកបរលើផ្លូវដែលមាន ២ គន្លង បើកម្នាក់ឯង។ ទៀតសោត កុំចោលសំរាមផ្ដេសផ្ដាស ក្រោយពិសាអាហាររួច ដែលជាហេតុងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃដោយមិនដឹងខ្លួន។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ និយោជិត ភាគច្រើនបង្កឡើងដោយអ្នកបើកបរម៉ូតូ គ្រាមិនសូវគោរពច្បាប់ ដោយបំពានច្បាប់តាមរយៈការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនពាក់មួកសុវត្ថិភាព និងមិនប្រកាន់ស្ដាំ។
លោក អ៊ុង គង្គា ប្រធានសាខាបេឡាសន្តិសុខសង្គមប្រចាំខេត្តកោះកុង បានឲ្យដឹងថា ដើមឆ្នាំ ២០២៣ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ចំពោះរថយន្តដឹកកម្មករមិនមាននោះ ដោយលោកវាយតម្លៃថា អ្នកបើកបររថយន្តដឹកកម្មករបានគោរពច្បាប់ត្រឹមត្រូវ និងផ្ដល់សុវត្ថិភាពជូនអ្នកដំណើរបានល្អប្រសើរ។
តែលោក អ៊ុង គង្គា បញ្ជាក់ថា ករណីគ្រោះថ្នាក់ដោយសារតែកម្មករបើកបរម៉ូតូបានកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះតែការធ្វេសប្រហែសចំពោះការបើកបរតាមដងផ្លូវ។ ជាក់ស្ដែង ថ្ងៃនេះ ក្រុមការងារនៅតែបន្តផ្សព្វផ្សាយក្រើនរម្លឹកទៅដល់ពួកគាត់ឲ្យងាកមកកែប្រែឥរិយាបថពីការបើកបរមិនគោរពច្បាប់ មកចូលរួមគោរពច្បាប់ឡើងវិញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


