កីឡា
កម្ពុជា បានមេដាយសំរិទ្ធប៉េតង់ពិភពលោក ខណៈប្រទេសអាស៊ាន ៣ ឈ្នះមេដាយមាស
ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែកនារី ឆ្នាំ ២០២៥ នៅប្រទេសបារាំង បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បន្ទាប់ពីដំណើរការប្រកួតជាច្រើនថ្ងៃ។

លទ្ធភាគភាគច្រើនជាក្រុមកីឡាការិនីប៉េតង់នៅតំបន់អាស៊ានដែលដណ្តើមបានមេដាយមាស ប៉ុន្តែក្រុមកីឡាការិនីប៉េតង់កម្ពុជាដែលធ្លាប់ខ្លាំងលើឆាកអន្តរជាតិបែរជាមិនអាចរកបានមេដាយមាសសោះ។
ក្រុមកីឡាប៉េតង់ជម្រើសជាតិម៉ាឡេស៊ី បានឈ្នះជើងឯក Nations Cup សម្រាប់វិញ្ញាសាក្រុមនារី។ បន្ទាប់ពីឆ្លងកាត់វគ្គសន្សំពិន្ទុដោយជោគជ័យមក ក្រុមនារីម៉ាឡេស៊ី បានឈ្នះ ក្រុមនារី ជប៉ុន ដោយពិន្ទុ ១៣-៥ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តយកឈ្នះ ន័រវេស ដោយលទ្ធផល ១៣-៣ នៅវគ្គ ៨ ក្រុមចុងក្រោយ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី បានយកឈ្នះ អូទ្រីស ដោយលទ្ធផល ១៣-៣ និងវគ្គផ្តាច់ព្រ័ត្រ បានឈ្នះ អ៉ីតាលី ដោយលទ្ធផល ១៤-៦ ដើម្បីក្លាយជាម្ចាស់ពាន Nations Cup។

សម្រាប់វិញ្ញាសា ក្រុមនារី ៣ នាក់ទល់ ៣ នាក់ មេដាយមាស បានទៅក្រុមនារី វៀតណាម។ ពួកគេបានយកឈ្នះ សាធារណរដ្ឋឆេក ដោយលទ្ធផល ១៣-៦ នៅវគ្គ១៦ក្រុមចុងក្រោយ ហើយបានឈ្នះមិត្តរួមក្រុមវៀតណាមទី២ ដោយលទ្ធផល ១៣-៣ នៅវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គ ៤ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ ប៊ែលហ្ស៊ិក ដោយលទ្ធផល ១៣-១០ ហើយបានឈ្នះ ថៃ ដោយពិន្ទុដាច់ឆ្ងាយ ១៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់មេដាយមាស។

ថៃបានឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុនារីទោល។ ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុ កីឡាការិនីថៃបានយកឈ្នះវៀតណាមដោយលទ្ធផល ៣៤-២១ នៅវគ្គ ៨ ក្រុមចុងក្រោយ និងបានបន្តឈ្នះ ន័រវេស ដោយពិន្ទុ ២៨-២៥ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលបានឈ្នះ អេស្ប៉ាញ ដោយពិន្ទុ ៤៣ – ៣១ ដើម្បីក្លាយជាម្ចាស់មេដាយមាស។
ចំពោះក្រុមនារីកម្ពុជាធ្វើបានល្អបំផុតដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសា ក្រុមនារី ៣នាក់ទល់៣នាក់។ ក្រុមនារីកម្ពុជា បានឈ្នះម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ នៅវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តឈ្នះ ស៊ុយអែត ដោយលទ្ធផល ១៣-៦ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ថៃ ដោយពិន្ទុ ១៣-៤ ដូច្នេះទទួលបានមេដាយសំរិទ្ធ។

ចំណែកវិញ្ញាសា វាយយកពិន្ទុនារីទោល កីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានចាញ់តួកគី ដោយសារពេលវេលា បន្ទាប់ពីពិន្ទុស្មើគ្នា ៣៥-៣៥។
ក្រុមកីឡាប៉េតង់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយមិនសូវទទួលបានល្អប្រសើរទេសម្រាប់ការប្រកួតលើឆាកអន្តរជាតិ តាំងពីមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ប៉េតង់កម្ពុជា រកមិនបានមេដាយមាសណាមួយសោះ ហើយការប្រកួតព្រឹត្តិការណ៍អន្តរជាតិបន្តបន្ទាប់មកទៀតក៏ពិតជាពិបាកក្នុងស្វែងរកមេដាយមាសដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សមាសភាពកីឡាករ កីឡាការិនីដដែលៗដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយមិនសូវឃើញមានអ្នកជំនាន់ក្រោយទេ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


