ព័ត៌មានអន្ដរជាតិ
នយោបាយថៃនឹងឡើងកម្តៅខ្លាំង ក្រោយអានុទីន វិលចូលប្រទេសវិញ
ស្ថានភាពនយោបាយរបស់ប្រទេសថៃទំនងកើនឡើងកម្តៅខ្លាំង ក្រោយការវិលត្រឡប់ចូលប្រទេសវិញរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ក្នុងដំណើរទៅចូលរួមប្រជុំនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយជាមួយកម្ពុជា និង ការចុះហត្ថលេខាលើឯកសារធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ក៏ដូចជាឯកសារស្តីពីពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងប្រទេសថៃ។
អ្វីដែលធ្វើឲ្យមានការតាមដានច្រើននោះគឺ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និង ឯកសារស្តីពីការធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ទាំងអ្នកនយោបាយថៃ និងប្រជាជនថៃតាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ បានបង្ហាញសញ្ញាប្រឆាំងចំពោះអ្វីដែលនាយករដ្ឋមន្ត្រីអានុទីនបានធ្វើ។
ក្រោយការចេញប្រតិកម្មប្រឆាំងនេះ ទាំងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន និង មន្ត្រីរដ្ឋាភិបាលក្នុងគណៈរដ្ឋមន្ត្រីរបស់លោក បានចេញបញ្ជាក់តាមហូរហែរជុំវិញការចុះហត្ថលេខារ៉ែកម្រជាមួយសហរដ្ឋអាមេរិក។
លោក Pakorn Nilprapunt អគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋ បាននិយាយថ្ងៃអង្គារថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ផែនរ៉ែកម្រក្នុងដី រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក មិនមែនជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានកាតព្វកិច្ចស្របច្បាប់នោះទេ។
ការចេញមកបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃនេះហាក់បានបង្ហាញថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃត្រៀមកម្លាំងដើម្បីតវ៉ាជាមួយរដ្ឋាភិបាលរបស់លោក អានុទីនក្នុងពេលខាងមុខ។ យោងសារព័ត៌មាន Khaosod ភាសាថៃ នៅថ្ងៃទី២៨ខែតុលានេះ មានអំពាវនាវឲ្យមានការជួបជុំតវ៉ាប្រឆាំងនាយករដ្ឋមន្ត្រី អានុទីន នៅពេលខាងមុខនេះដែរ។
ក្រោយការអះអាងមិនបានប៉ុន្មានម៉ោងផង យោងសារព័ត៌មានថៃ The Nation លោក អានុទីន បានចេញមុខពន្យល់តាមវីដេអូថា ការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសហរដ្ឋអាមេរិក អំពីរ៉ែកម្រមានគោលបំណងកសាងចំណេះដឹងនិងបច្ចេកវិទ្យា។ លោក អានុទីន ធានាថា MOU អំពីរ៉ែកម្រក្នុងដីរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិក នឹងធ្វើទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ថៃ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការដោយយុត្តិធម៌ និងការផ្ទេរបច្ចេកវិទ្យា។
យោងតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាដែលផ្សព្វផ្សាយដោយការិយាល័យព័ត៌មានប្រធានាធិបតីសហរដ្ឋអាមេរិក MOU នោះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលើការអភិវឌ្ឍន៍ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ។
ក្រៅពីប្រឈមការតវ៉ាលើការចុះអនុស្សរណៈលើរ៉ែកម្រនេះ ក៏មានសេចក្តីរាយការណ៍មួយចំនួនពីការត្រៀមតវ៉ាចំពោះនាយករដ្ឋមន្ត្រីអានុទីនជុំវិញការលើកឡើងដែលជំរុញឲ្យប្រជាជនថៃទទួលយកដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងពេលខាងមុខដែលលោកបានទទួលស្គាល់ថា ថៃទន្ទា្រនចូលកម្ពុជាត្រង់ចំណុចខ្លះ ហើយ ចំណុចខ្លះក៏កម្ពុជាទន្ទ្រានចូលថៃវិញដែរ៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


