ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាឈានដល់របត់ថ្មីមួយឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្តគ្មានមីនឆ្នាំ២០៣០
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។
នាឱកាសអញ្ជើញដឹកនាំសិក្ខាសាលាបិទបញ្ចប់ “គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤” កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ មានប្រសាសន៍ថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ ព្រមទាំងបានអំពាវនាវឱ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមគ្នាគាំទ្រកម្ពុជា ក្នុងការជួយសង្គ្រោះជីវិត និងស្តារក្តីសង្ឃឹមប្រជាពលរដ្ឋឡើងវិញ។

លោកបញ្ជាក់ថា៖« បច្ចុប្បន្ននេះ កម្ពុជាបានឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ ឈានឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្ត គឺកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ ដែលចក្ខុវិស័យនេះត្រូវបានបញ្ជាក់ជាថ្មី ដោយដាក់បញ្ចូលក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា»។ តាមរយៈគោលដៅនេះ កម្ពុជានឹងអាចរួចចាកផុតពីការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលតែងតែលងបន្លាចប្រជាជនកម្ពុជា អស់ជាច្រើនទសវត្សរ៍ ព្រមទាំងបានឆក់យកអាយុជីវិតរបស់ប្រជាជនកម្ពុជា បំផ្លាញគ្រួសារ និងរារាំងដល់សក្តានុពលអភិវឌ្ឍន៍ជាតិ។
ទោះបីសម្រេចបាននូវសមិទ្ធផលជាច្រើន ប៉ុន្តែគ្រាប់មីននៅតែបន្តប្រែក្លាយដីស្រែដែលមានជីវជាតិ ទៅជាតំបន់ហាមឃាត់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនស្លូតត្រង់ ជាមួយនឹងស្ថានភាពចម្ការមីនដែលមានភាពស្មុគស្មាញខ្ពស់ ដែលតម្រូវការធនធានសម្រាប់ធ្វើការបោសសម្អាត និងប្រើប្រាស់វិធីសាស្រ្តរួមជាមួយបច្ចេកទេសទំនើប។ បញ្ហាប្រឈមទាំងនេះ គឺជាមូលហេតុមួយយ៉ាងសំខាន់ ក្នុងការបន្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (២០២៦-២០៣០) និងតម្រូវឱ្យមានការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់។

ការសម្រេចបាននូវស្ថានភាពគ្មានមីន មិនមែនជាការបញ្ចប់ការងាររបស់យើងនោះទេ វាគឺជាការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីមួយ។ សូម្បីតែក្រោយឆ្នាំ ២០៣០ កម្ពុជានឹងប្រឈមនូវហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ដែលទាមទារឱ្យមានការគ្រប់គ្រងបន្ត។ ក្នុងន័យនេះ លោក លី ធុជ បញ្ជាក់ថា៖« យើងត្រូវតែកសាងសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព និងធានាថាសកម្មភាពមីននៅតែត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កម្ពុជា»។
ទោះបែបនេះក្តី លោក លី ធុជ វាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងប្រទេសលុចសំបួ ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ ចូលរួមចំណែកគាំទ្រដល់កិច្ចសង្រ្គោះជីវិត និងកសាងអនាគតសម្រាប់ប្រជាជនកម្ពុជា។

គិតចាប់តាំងពីឆ្នាំ២០២០ ស្ថានភាពប្រជាជនកម្ពុជាជាង ៣៤១ ០០០នាក់ បានផ្លាស់ប្តូរតាមរយៈការបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការកសាងសមត្ថភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


