ព័ត៌មានជាតិ
ជាង៣ទសវត្សរ៍ក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានអង្គគណៈរដ្ឋមន្រ្តីអនុម័តជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំពេញអង្គដែលដឹកនាំដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងសម្រេចលើសេចក្តីព្រាងនេះ។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមកិច្ចប្រជុំនោះ បានធ្វើកំណត់មូលហេតុសង្ខេបដើម្បីឆ្លងសេចក្តីព្រាងនេះ បានគូសបញ្ជាក់ថា ជាង៣ទសវត្សរ៍ក្នុងប្រវត្តិសាស្រ្តនៃសកម្មភាពមីន កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន។លោកអះអាងថា៖« គោលនយោបាយជាតិ ធ្វើឡើងក្នុងគោលបំណងបន្តបេសកកម្មមនុស្សធម៌ និងបញ្ជាក់ជាថ្មីនូវកាតព្វកិច្ច និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានចក្ខុវិស័យ “ប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ»។
សេចក្តីព្រាងគោលនយោបាយជាតិ ត្រូវបានរៀបចំឡើងបន្តពី “ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥” ដោយបានពិនិត្យនិងបញ្ចូលនូវអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (គោលដៅទី១៨) និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នៃអនុសញ្ញាអូតាវ៉ា។

គោលនយោបាយជាតិ បានតម្រង់ចក្ខុវិស័យយ៉ាងមុតស្រួច ដោយឈរលើការគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីននិងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្រ្គោះជនរងគ្រោះ ប្រកបដោយចីរភាព និងបរិយាបន្ន។ គោលនយោបាយជាតិ ក៏បានដាក់ចេញនូវគោលដៅចំនួន៦ និងយុទ្ធសាស្ត្រចំនួន៣០ដើម្បីគាំទ្រក្នុងការសម្រេចបាននូវគោលដៅទាំង៦ និងការរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន ០៥ ផងដែរ។
ជាមួយគ្នានេះ គោលនយោបាយជាតិ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងកំពុងឆ្លើយតបទៅនឹងការវិវត្តនៃវិស័យសកម្មភាពមីននាពេលបច្ចុប្បន្ននិងអនាគត និងចូលរួមដោះស្រាយបញ្ហាចម្បងដែលមានដូចជា៖ ការប្រែប្រួលនៃការគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ការកាត់បន្ថយកងកម្លាំងបោសសម្អាតមីន ការគ្រប់បគ្រងនិងដោះស្រាយសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ក្រោយបញ្ចប់ការបោសសម្អាត និងការកែសម្រួលរចនាសម្ព័ន្ធវិស័យសកម្មភាពមីន ជាដើម។
លោក លី ធុជ បានគូសបញ្ជាក់ទៀតថា ការរៀបចំគោលនយោបាយជាតិនេះ បានឆ្លុះបញ្ចាំងអំពីដំណើររបស់កម្ពុជា ដែលបានឆ្លងកាត់ដ៏សែនវែងឆ្ងាយពីសង្គ្រាម ឆ្ពោះទៅសម្រេចបាននូវសន្តិភាព ដែលក្នុងនោះ “កម្មវិធីសកម្មភាពមីន” បានប្រែក្លាយផ្ទៃដីរងការគំរាមកំហែងដោយសារមីន ទៅជាគ្រាប់ពូជនៃក្តីសង្ឃឹម ដែលចាត់ទុកជា “ការប្រែក្លាយដីមីន ទៅជាដីមាស”។ រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតផ្ទៃដីរងការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ជាង ៤ លានគ្រាប់។

ទោះបីជាមានវឌ្ឍនភាពជាប្រវត្តិសាស្រ្តនេះក្តី បេសកកម្មផ្តល់ដីសុវត្ថិភាព និងកសាងស្នាមញញឹម នៅមិនទាន់បញ្ចប់នៅឡើយ ដោយផ្ទៃដីប្រមាណជាង ១ ៧០០ គីឡូម៉ែត្រការ៉េ បន្តរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៥៧ គីឡូម៉ែត្រការ៉េ គ្រាប់បែកចង្កោមចំនួន ៦៦៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀតចំនួន ៥២៩គីឡូម៉ែត្រការ៉េ ហើយប្រជាជនជាងមួយលាននាក់នៅតែបន្តរស់នៅក្នុងឬនៅជិតតំបន់ដែលមានការគំរាមកំហែងទាំងនោះ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


