ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃប្ដូរយុទ្ធសាស្រ្តដាក់អក្សរខ្មែរលើការវេចខ្ចប់ ចំពេលការលក់នៅកម្ពុជាធ្លាក់ចុះ
កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនថៃមួយចំនួនបានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយដាក់អក្សរខ្មែរលើការវេចខ្ចប់ផលិតផលរបស់ខ្លួន ចំពេលដែលការលក់នៅទីផ្សារកម្ពុជាធ្លាក់ចុះ ជុំវិញភាពតានតឹងព្រំដែន។

The Nation បានស្រង់សម្ដីប្រភពម្នាក់ពីក្រុមហ៊ុនលក់ទំនិញចាំបាច់មួយ ដែលនិយាយជាអនាមិក ដោយមិនបានបញ្ជាក់ថា ក្រុមហ៊ុនថៃណាខ្លះបានធ្វើដូច្នេះនោះទេ។ យ៉ាងណាមិញ កាសែតដដែលបានកត់សម្គាល់ថា វាគឺជា កិច្ចប្រឹងប្រែងសម្របខ្លួនដ៏សំខាន់ និងជាយុទ្ធសាស្រ្ត ដើម្បីផ្ដាច់ម៉ាកយីហោផលិតផលថៃពីបញ្ហានយោបាយ ឬព្រំំដែនជាមួយកម្ពុជា។
ការរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងចំពេលដែលក្រុមហ៊ុនថៃធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនភេសជ្ជៈ Carabao, ក្រុមហ៊ុនមី MAMA, និងក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee ជាដើមនោះ បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល ឬប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសទី៣។
នាយកប្រតិបត្តិក្រុមហ៊ុន Carabao Group លោក Sathien Sathientham បានឱ្យដឹងថា ការលក់ភេសជ្ជៈរបស់ខ្លួនលើទីផ្សារកម្ពុជាមានការធ្លាក់ចុះខ្លាំង ដែលបង្កការខាតបង់ «ជាច្រើនរយលានបាត» ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។
គេមើលឃើញថា ថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីនៅខែមិថុនា ដោយកាត់ផ្ដាច់គ្រប់ច្រកដឹកជញ្ជូនតាមព្រំដែនគោករវាងប្រទេសទាំង២មកទល់ពេលនេះ ដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនគោកធ្លាក់ចុះទាំងស្រុង។ លើសពីនេះ កំណើននៃរលកពហិការទំនិញថៃ ក្នុងចំំណោមអ្នកប្រើប្រាស់កម្ពុជា បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់សម្រាប់អាជីវកម្មថៃ។ លោក Sathien បានបញ្ជាក់ពីបញ្ហានេះ ថាធ្វើឱ្យការលក់ Carabao ធ្លាក់ចុះខ្លាំង។
ក្នុងរបាយការណ៍កាលពីពេលថ្មីនេះ ក្រុមហ៊ុន Carabao បានឱ្យដឹងថា ការលក់នៅទីផ្សារ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) បានធ្លាក់ចុះរហូតដល់ទៅ ៤៤% មកត្រឹម ៧២៧ លានបាត នៅត្រីមាសទី៣ ដែលរួមចំណែកខ្លាំងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចំណែកឯ លោក Pan Paniangvait នាយកប្រតិបត្តិក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ «MAMA» ឯណោះវិញ បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាទីផ្សារនាំចេញដ៏សំខាន់មួយ ដោយរួមចំណែក ១៧-១៨% នៃការនាំចេញរបស់ក្រុមហ៊ុន។ នៅត្រីមាសទី៣ ការលក់របស់ក្រុមហ៊ុនធ្លាក់ចុះរហូតដល់ទៅ ១២,១៧%។
ស្ថានភាពក៏អាក្រក់ដូចគ្នា សម្រាប់ក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ លោក Ekarin Pinij បានលើកឡើងថា ការបិទព្រំដែនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការលក់នៅលើទីផ្សារកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូចែកចាយនៅកម្ពុជាលើផែនការបន្ទាន់ ដោយរៀបចំស្តុកសម្រាប់ដាក់ទំនិញលក់ភ្លាមៗ នៅពេលស្ថានភាពប្រសើរឡើង។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ បានធ្លាក់ចុះរហូតដល់ទៅ ១៥,៨% មកត្រឹមប្រមាណ ២៣៩,៣ លានបាត។
សូម្បីតែទំនិញគ្រឿងសម្អាងថៃ ក៏រងផលប៉ះពាល់់ធ្ងន់ធ្ងរផងដែរ។ មន្រ្តីពីក្រុមហ៊ុនចែកចាយគ្រឿងសម្អាងថៃ Karmarts បាននិយាយថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការនាំចេញរបស់ខ្លួនប្រឈមមុខនឹងការលំបាកខ្លាំង ខណៈវាបណ្តាលឱ្យការលក់ធ្លាក់ចុះប្រហែល ៧-៨ លានបាត/ខែ ដោយរយៈពេល ៣ ខែចុងក្រោយនេះ បានបង្ហាញឱ្យឃើញថាពិបាកបំផុត។
កន្លងមក អាជីវកម្មថៃបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាជាបន្ទាន់ ខណៈតួលេខពីរដ្ឋាភិបាលថៃបានបង្ហាញថា ថៃអាចខាតបង់សេដ្ឋកិច្ច ១០០ ប៊ីលានបាត ប្រសិនបើការបិទព្រំដែនបន្តអូសបន្លាយដល់ចុងឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


