Connect with us

ព័ត៌មានអន្ដរជាតិ

អាជីវកម្មថៃខាតបង់ជាង ៤៥០ លាន​ដុល្លារ/ខែៗ រាប់តាំងពីបិទព្រំដែនជាមួយ​កម្ពុជា

បានផុស

នៅ

​រាប់តាំងពីបិទព្រំដែនគោកជាមួយ​កម្ពុជានៅ​ខែមិថុនាមក អាជីវកម្ម​ថៃបាន​ខាតបង់គិតជាប្រាក់ប្រមាណ ១៥ ប៊ីលានបាត ឬ ៤៥៨ លាន​ដុល្លារអាមេរិក ក្នុង១ខែៗ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់សារព័ត៌មាន​ Bloomberg News ដែលស្រង់ទិន្នន័យពីក្នុងកិច្ចប្រជុំនៃគណៈកម្មធិការសេដ្ឋកិច្ចថៃកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bloomberg បាន​សរសេរ​ក្នុងអត្ថបទ​ដែល​ចេញផ្សាយកាលពីថ្ងៃចន្ទថា ការខាតបង់អាច​កាន់​តែ​ធ្ងន់ធ្ងរខ្លាំង ដោយនឹង​​កើនដល់ទៅ ១០០ ប៊ីលាន​បាត ឬប្រមាណ ៣,១ ប៊ីលាន​ដុល្លារអាមេរិក ប្រសិនបើ​ស្ថានភាព​រាំងស្ទះព្រំដែន​បន្តអូសបន្លាយដល់ចុង​ឆ្នាំនេះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មធិការ ដែលស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់រដ្ឋាភិបាល​ថៃ របស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន។

គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បាន​ធ្លាក់ចុះជាគំហុកក្រោយយោធា​​ថៃបាន​សម្រេចចិត្តជាឯកតោភាគី ​លើ​ការកំណត់ម៉ោងចេញចូលព្រំដែនដីគោកជាមួយកម្ពុជា​នៅ​ដើមខែមិថុនា ​ហើយ​ឈានទៅដល់ការ​បិទទាំងស្រុងនៅចុងខែដដែល។ ការណ៍នេះ បាន​បង្អាក់ដំណើរការចេញចូល រួមទាំងការដឹកជញ្ជូនទំនិញពីភាគីទាំងសងខាង ខណៈអាជីវកម្មថៃបានត្អូញត្អែរពីផលប៉ះពាល់នៃការបិទនេះជាហូរហែរ។

ការបិទព្រំដែន​បានបន្តចំពេលដែល​ភាពតានតឹងកើនឡើង រហូតឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃទី ២៤ កក្កដា មុនពេលបទឈប់បាញ់សម្រេចឡើង ៥ ថ្ងៃក្រោយ​មក ខណៈបច្ចុប្បន្នរដ្ឋាភិបាល​កម្ពុជាប្រកាន់ជំហរបើកព្រំដែនឡើងវិញ លុះត្រាំតែថៃបើកជាមុនជាឯកតោភាគីដូចការបិទរបស់ខ្លួន។

នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុន

​តាម​ទិន្នន័យ​របស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ​ប៊ីលានដុល្លារ ឆ្នាំមុន កើន​ឡើង ១៥,៥ ភាគរយ​ ដោយ​ថៃនាំចូលមកកម្ពុជាប្រមាណ ៣,៤៤ ប៊ីលាន​ដុល្លារ។ ដោយ​ឡែក ៩ ខែដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីដដែលបាន​ធ្លាក់ចុះ ៨,២ ភាគរយ មកត្រឹម ២,៩០ ប៊ីលាន​ដុល្លារ ដោយ​ការនាំចូលពីថៃធ្លាក់ចុះ ៧,៦ ភាគរយ មកត្រឹម ២,៣៣ ប៊ីលាន​ដុល្លារ។

ប៉ុន្តែគួរកត់សម្គាល់ថា ពាណិជ្ជកម្មតាមច្រក​ព្រំដែន​គោកកម្ពុជា និងថៃ បាន​ធ្លាក់ចុះស្ទើរតែទាំងស្រុង​នៅក្រោយ​ព្រំដែនត្រូវបាន​បិទ។ ជាក់ស្ដែង នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បានឱ្យដឹងកាល​ពី​ចុងខែកញ្ញាថា ​ពាណិជ្ជកម្ម​ថៃជាមួយ​កម្ពុជាបាន​ធ្លាក់ចុះ​ ៩៩,៩ ភាគរយ មកនៅត្រឹម ១០ លាន​បាត (៣០,៩ ម៉ឺន​ដុល្លារ)​ នៅខែសីហា។

មន្រ្តី DFT បាន​សម្ដែងការព្រួយបារម្ភថា ការបិទព្រំដែនជាមួយកម្ពុជា នឹង​ធ្វើឱ្យ​ប៉ះពាល់ដល់គោលដៅនាំចេញរបស់ថៃនៅឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល​ដោយសារតែគោលនយោបាយពន្ធគយ​របស់សហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម