ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញក្រុមហ៊ុនភេសជ្ជៈថៃនានាធ្លាក់ចុះខ្លាំង ដោយសារជម្លោះជាមួយកម្ពុជា និងបញ្ហាផ្សេងៗ
បណ្ដាក្រុមហ៊ុនភេសជ្ជៈថៃធំៗដូចជា ខារ៉ាប៉ាវ អ៊ីឈីតាន់ និង Malee ជាដើមនោះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធយ៉ាងគំហុក ដោយសារតែភាពតានតឹងព្រំដែនជាមួយកម្ពុជា បញ្ហាធាតុអាកាស និងកម្សោយតម្រូវការពីប្រទេសជិតខាងរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

តាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ ទីផ្សារភេសជ្ជៈគ្មានជាតិអាល់កុលថៃ ដែលមានតម្លៃ ១០០ ប៊ីលានបាត ឬជាង ៣ ប៊ីលានដុល្លារ កំពុងប្រឈមមុខនឹងបញ្ហាធំៗធ្ងន់ធ្ងរនៅឆ្នាំនេះ។ ធាតុអាកាសត្រជាក់ជាងធម្មតាក្នុងរដូវប្រាំង បានកាត់បន្ថយសន្ទុះលក់ ខណៈចូលដល់ត្រីមាសទី៣ ជម្លោះព្រំដែនថៃ-កម្ពុជាបានផ្ទុះឡើង ដែលបង្កការរំខានដល់ពាណិជ្ជកម្មឆ្លងដែនថៃ។ ផលិតផលដែលពឹងផ្អែកលើទីផ្សារ CLMV ជាពិសេសកម្ពុជា និងមីយ៉ាន់ម៉ា បានបន្តចុះខ្សោយ ខណៈការនាំចេញទៅអន្តរជាតិផ្សេងៗ ត្រូវរងផលប៉ះពាល់ពីភាពមិននឹងននៃសេដ្ឋកិច្ចសកល និងបម្រែបម្រួលអត្រាប្តូរប្រាក់។
ក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee Group បានកត់ត្រានូវកំណើនប្រាក់ចំណេញសុទ្ធ ២,១% ដល់ ៦១,៩ លានបាត។ យ៉ាងណាមិញ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ បានធ្លាក់ចុះរហូតដល់ទៅ ១៥,៨% មកត្រឹមប្រមាណ ២៣៩,៣ លានបាត ខណៈប្រាក់ចំណូលសរុបក្នុងរយៈពេលដូចគ្នា មានប្រមាណ ៥,៨៥ ប៊ីលានបាត ដោយធ្លាក់ចុះ ៩,៣%។ ការធ្លាក់ចុះទាំងនេះ រួមចំណែកដោយភាពតានតឹងកម្ពុជា-ថៃ ដែលបង្កការរំខានដល់ពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្រោយការបិទព្រំដែនជាឯកតោភាគីរបស់ថៃ។
ក្រុមហ៊ុន Carabao Group ដែលជាក្រុមហ៊ុនថៃល្បីនៅកម្ពុជាមួយទៀត បានកត់ត្រាប្រាក់ចំណូលប្រមាណ ៥,៤៩ ប៊ីលានបាត ដោយកើនឡើង ៨% នៅត្រីមាសទី៣។ ប៉ុន្តែក្នុងនោះ ប្រាក់ចំណេញសុទ្ធ បានធ្លាក់ចុះរហូតដល់ទៅ ២០% មកត្រឹមប្រមាណ ៦១៦ លានបាត។
ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា ការលក់លើទីផ្សារនៅត្រីមាសទី៣ របស់ក្រុមហ៊ុន Carabao បានធ្លាក់ចុះខ្លាំងប្រមាណ ៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៧២៧ លានបាត។ ការលក់នៅទីផ្សារ CLMV ទាំងអស់សុទ្ធតែធ្លាក់ចុះ ដោយសារតែការរំខានពាណិជ្ជកម្មឆ្លងដែន ជាពិសេសជម្លោះប្រដាប់អាវុធព្រំដែនជាមួយកម្ពុជា។

ក្រុមហ៊ុនភេសជ្ជៈ Ichitan Group ឯណោះវិញ បានកត់ត្រាចំណូលពីការលក់ប្រមាណ ២,១ ប៊ីលានបាត នៅត្រីមាសទី៣ ដោយធ្លាក់ចុះ ០,៣% ប៉ុន្តែប្រាក់ចំណេញសុទ្ធបានកើនឡើងបន្តិច ០,៣% ដល់ជាង ៣៥០ លានបាត។ យ៉ាងណាមិញ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុនដែលមានទីផ្សារសំខាន់នៅកម្ពុជាដដែល បានកត់ត្រាពីការធ្លាក់ចុះ ៨,១% នៃប្រាក់ចំណេញសុទ្ធ ដល់ប្រហែល ១ ប៊ីលានបាត ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏ធ្លាក់ចុះ ៦,៧% ដល់ប្រមាណ ៦,១៤ ប៊ីលានបាត។
ក្រុមហ៊ុនភេសជ្ជៈថៃធំៗផ្សេងៗទៀត ក៏បានរាយការណ៍ពីប្រាក់ចំណូល និងចំណេញសុទ្ធធ្លាក់ចុះយ៉ាងគំហុកផងដែរ ដូចជាក្រុមហ៊ុន Sappe, Thai Coconut, និង Osotspa ជាដើម។ ក្នុងត្រីមាសទី ៣ ប្រាក់ចំណេញសុទ្ធរបស់ Sappe បានធ្លាក់ចុះជិត ៤០% ខណៈប្រាក់ចំណេញរបស់ក្រុមហ៊ុន Thai Coconut ធ្លាក់ចុះជិត ៦០% ស្របពេលដែល Osotspa រាយការណ៍ពីកម្សោយនៃតម្រូវការនៅកម្ពុជា ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាជាដើម។
គួរគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែបង្កការបិទព្រំដែន ដែលបង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញច្រកដីគោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ករលកពហិការលើទំនិញថៃពីក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។
កន្លងមក អាជីវកម្មថៃបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាជាបន្ទាន់ ខណៈតួលេខពីរដ្ឋាភិបាលថៃបានបង្ហាញថា ថៃអាចខាតបង់សេដ្ឋកិច្ច ១០០ ប៊ីលានបាត ប្រសិនបើការបិទព្រំដែនបន្តអូសបន្លាយដល់ចុងឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


