ព័ត៌មានជាតិ
ខេត្តចំនួន ២១ បញ្ចប់ការវាស់វែងដីធ្លី ខណៈនៅសល់ប្រមាណ ៥ ម៉ឺនក្បាលដី ជំរុញបញ្ចប់ទូទាំងប្រទេស
ខេត្តចំនួន ២១ បានបញ្ចប់ការវាស់វែងដីធ្លី ខណៈនៅសល់ប្រមាណ ៥ ម៉ឺនក្បាលដីទៀត កំពុងជំរុញនីតិវិធីបញ្ចប់ការវាស់វែងទូទាំងប្រទេសនៅពេលខាងមុខ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លទ្ធផលនៃការអនុវត្តយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ក្នុងឆ្នាំ២០២៥ បានវាស់វែងបញ្ចប់បានចំនួន ១ ៤៣៥ ១៩៨ ក្បាលដីស្មើ ៩៥% នៃផែនការ ហើយនៅសល់ចំនួន ៥២ ៧៥៣ ក្បាលដីទៀត នៅមិនទាន់វាស់វែងបញ្ចប់ដែលមាននៅក្នុងខេត្តរតនគិរី កោះកុង កំពត និងរាជធានីភ្នំពេញ។
ក្រៅពីជំរុញនីតីវីធីដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក្នុងរបាយការណ៍បញ្ជាក់ថា រហូតដល់ឆ្នាំ ២០២៥ អាជ្ញាធរបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានចំនួន ៨ ៨៩២ ០០៧ បណ្ណ ក្នុងនោះបញ្ចប់ចេញបណ្ណជំហានទី ១ បានចំនួន ៧ លានក្បាលដី ស្មើនឹង ១០០% នៃផែនការ និងកំពុងអនុវត្តការចេញបណ្ណជំហានទី២ ចំនួន ១ ៨៩២ ០០៧ បណ្ណ ស្មើ ៣៧,៨៤% នៃដីប៉ាន់ស្មានចំនួន ៥ លានក្បាលដី។
ពាក់ព័ន្ធការន្លឿនដោះស្រាយវិវាទដីធ្លី ក្រសួងបានបង្កើតយន្តការចំនួន ៣ ដែលក្នុងនោះមានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី និងក្រុមការងារប្រតិបត្តិការក្នុងរាជធានីខេត្តគោលដៅចំនួន ២៥ ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រកដំណោះស្រាយចំពោះករណីវិវាទដែលនៅសេសសល់ ដើម្បីបិទបញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គម បង្កើតបរិយាកាសគ្មានជម្លោះ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាក្នុងសង្គម ឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋាន។
គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ ក្រសួងទទួលបានពាក្យបណ្ដឹងសរុបចំនួន ១៦ ៣៦៤ ករណី ក្នុងនោះដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៦ ២៨២ ករណី និងកំពុងដោះស្រាយចំនួន ៨២ ករណី៕

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី បានកំណត់យកការចុះបញ្ជីដីបង្ហើយ ដើម្បីបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដី ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនវត្ថុរបស់ ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃអចលនទ្រព្យ បង្កើតនូវបរិយាកាសគ្មានវិវាទ ឈានទៅកសាងសង្គម កម្ពុជាជាភូមិឋានក្សេមក្សាន្ត។
ទន្ទឹមនេះ ក្រសួងក៏បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានសុរិយោដីទំនើប ដើម្បីគ្រប់គ្រងនិងផ្តល់សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការចុះបញ្ជីបន្ត ដើម្បីឈានទៅសម្រេចបាននូវទស្សនាទាន “សេវាគាប់ចិត្ត” ជូនប្រជាពលរដ្ឋ និងពង្រីកបាននូវមូលដ្ឋានពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យកាន់តែធំថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


