ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ប្រកាសតំបន់វិនិច្ឆ័យសម្រេចបានលើភូមិទាំង ៩២ ភូមិ ទូទាំងខេត្ត
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមវត្តមាន លោក សុ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តមណ្ឌលគិរី។
លោក សុ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពដទៃទៀត នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការ កែទម្រង់ដីធ្លី ដោយជម្រុញការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីអោយបានត្រឹមត្រូវចំទិសដៅ និងមានប្រសិទ្ធិភាព។

បន្ថែមពីនេះលោកក៏បានក្រើនរំលឹកជម្រុញដល់មន្រ្តីជំនាញ ត្រូវពង្រឹងគុណភាពនៃការចុះបញ្ជីដីរដ្ឋ និងដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្តដើម្បីធានាដល់ចរន្ត ការឯកសារគ្រប់គ្រងបច្ចុប្បន្នភាពព័ត៌មានដី និងចូលរួមចំណែកប្រមូលសេវាសុរិយោដី និងពន្ធប្រថាប់ត្រាជូនរដ្ឋ និងជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដើម្បីអាចបង្កើតបាននូវបរិយាកាសគ្មានវិវាទ។
ជាមួយគ្នានេះ លោក អ៊ុក ភ័ក្ដ្រា អភិបាលរងខេត្តក៏បានលើកឡើងថា ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជម្រុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាពស្រប តាមគោលនយោបាយដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមមាន បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារវាស់វែងដីធ្លីនៅក្នុងខេត្ដ។


លោកបន្តថា សកម្មភាពទាំងនេះដើម្បីកែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្ដល់នូវសុវត្តិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកសាងសង្គមសុខដុម ដូចក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីស្រាប់ ជាខេត្តមួយត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ក្រោមយុទ្ធនាការចុះបញ្ជីដីធ្លីគាំទ្រដោយអន្តរក្រសួងរហូតសម្រេចបានលើភូមិទាំង ៩២ ភូមិ ទូទាំងខេត្ត។
ទន្ទឹមនេះលោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីខេត្តបានឲ្យដឹងថា មន្ទីរជំនាញ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំនួន ២៣ ភូមិ។
ក្នុងនាមមន្រ្តីជំនាញមន្ទីរដែនដី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ បន្តចូលរួមសហការគាំទ្រក្នុងដំណើរ បេសកកម្មរបស់មន្ទីរ ឲ្យកាន់តែប្រសើរថែមទៀត ធ្វើយ៉ាងណាដើម្បីធានាសម្រេចបានគោលដៅតាមផែនការ គឺការចុះបញ្ជីបញ្ចប់ និងបន្តចូលរួមសហការ និងផ្តល់ទិន្នន័យក្នុងការកសាង ប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង/ស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ/សង្កាត់ ឲ្យបានពេញលេញ៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


