Connect with us

សេដ្ឋកិច្ច

អាមេរិក គ្រោងពង្រីកប្រតិបត្តិការវិស័យហិរញ្ញវត្ថុនៅកម្ពុជា

បានផុស

នៅ

សហរដ្ឋអាមេរិកមានបំណងពង្រីក​ប្រតិបត្តិ​ការ​ក្នុងវិស័យហិរញ្ញវត្ថុបន្ថែមទៀតនៅកម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បាន​ទទួល​ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ដើម្បីស្វែង​យល់​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​សក្តានុពល​វិនិយោគ​ក្នុង​វិស័យហិរញ្ញវត្ថុ​កម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់តែរឹងមាំថែមទៀត។

កិច្ចពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញ​​គម្រោង​​វិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងជំនួបនេះ លោក​ Ted Osius បានលើកឡើងពីកត្តា​អំណោយផល​នៃ​គោល​នយោបាយ​គាំទ្រ​ធុរកិច្ច​របស់​រាជរដ្ឋា ភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល​កម្ពុជា​ និងបញ្ជាក់​ពីការ​ទទួល​បាន​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។

បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាង​ក្រុមហ៊ុនអាមេរិក​ធំៗ​កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និង​បញ្ជាក់​ពី​គម្រោង​ពង្រីក​ប្រតិបត្តិការ​ថែមទៀត​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ធនាគារជាតិនៃកម្ពុជា ដែលតែង​ផ្ដល់​កិច្ចសហការ និង​ការ​គាំទ្រ​នាពេលកន្លងមក។

ជាការឆ្លើយតប លោក​ស្រី​ ទេសាភិបាល បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ទស្សនកិច្ច​ធុរកិច្ចរបស់​គណៈ​ប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍន​ភាព​សេដ្ឋកិច្ចនា​ពេលបច្ចុប្បន្ន។

លោកស្រី​បានមានប្រសាសន៍ពីសារៈសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួម​ទាំង​វិនិយោគិន​សហរដ្ឋអាមេរិក និង​បានលើកឡើងពី​បទពិសោធជោគជ័យ​នៃការអភិវឌ្ឍប្រព័ន្ធ​ទូទាត់​បាគង​របស់​កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជា​ឧទាហរណ៍គំរូ​សម្រាប់​បង្ហាញ​វិនិយោគិន​សហរដ្ឋ​អាមេរិក​ពីសក្តានុពលវិនិយោគនៅ​កម្ពុជាក៏ដូចជាឱកាស​ក្នុងការបង្កើន​កិច្ចសហការ​ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម