Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​ ពីកាសូ ​បោះ​ផ្សាយ​លក់​មូលបត្រ​លើកដំបូង​ ក្នុង​ទំហំទឹកប្រាក់ ​៥,៩ ​លានដុល្លារ​

បានផុស

នៅ

ក្រុមហ៊ុន ​ពីកាសូ ស៊ីធី ​ហ្គាឌិន ​ឌីវេឡុបម៉ិន ​នៅថ្ងៃទី ​១០ ខែធ្នូ ​ឆ្នាំ ២០២៥ ​បាន​ចុះបញ្ជីបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ចំនួន ៥ ៩០៧ ០១៨ ឯកតាមូលបត្រកម្មសិទ្ធិ ក្នុង​ទំហំទឹកប្រាក់ប្រមាណ ៥,៩ លានដុល្លារ ក្នុង​តម្លៃ​លក់ ៤ ៨០០ រៀល (១,២ ដុល្លារ) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន ​ពីកាសូ ​នឹងឈរលេខរៀងទី ​១២ ​នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ​កម្មសិទ្ធិ ​ដែល​ក្រុម​ហ៊ុន​បានផ្ដល់ការធានា​ភាគលាភអប្បបរមាចំនួន ៧% ​ក្នុងមួយឆ្នាំ ​សម្រាប់រយៈពេល ៥ ឆ្នាំ បន្ទាប់​ពីការ​ចុះ​បញ្ជី។​

​លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការកៀរគរទុនរបស់ក្រុមហ៊ុន មិនត្រឹមតែអាចយកទៅប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រីក​នូវ​កិត្តិនាម បង្កើនទំនុកចិត្ត ក៏ដូចជាការចែករំលែកនូវការអភិវឌ្ឍរបស់​ក្រុមហ៊ុន​ទៅកាន់​សាធារ​ណ​ជន។​

​លោក ស៊ូ សុជាតិ ​អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ​មានប្រសាសន៍ថា ​ការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិនេះ ​មានសារៈសំខាន់ក្នុងការបង្កើនវឌ្ឍនភាព​សេដ្ឋកិច្ចជាតិ​ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីហិ​រញ្ញ​វត្ថុ ​តាមរយៈការជំរុញឱ្យមានចរាចរមូលធន​ទៅក្នុងប្រតិបត្តិការក្រុមហ៊ុន ​បង្កើតឱកាសការងារ និង​បង្កើននវានុវត្តន៍ថ្មីៗ។​

លោក ស៊ូ សុជាតិ ​បានបន្ថែមទៀតថា៖ «​ទីផ្សារមូលបត្រ ​បានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្ម​ហិរញ្ញ​ប្ប​ទាន​ដល់ក្រុមហ៊ុន​ និងជាឱកាសវិនិយោគ​សម្រាប់វិនិយោគិន ​ហើយកម្មវិធីនៅថ្ងៃនេះ ​ក៏​សរ​បញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរនៃវិស័យមូលបត្រ​នៅកម្ពុជាយើងនាពេលបច្ចុប្បន្ន ​និង​អនា​គត»។​

​ក្រុមហ៊ុន ​ពីកាសូ ស៊ីធី ​ហ្គាឌិន ​ឌីវេឡុបម៉ិន ​បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០១៦ ​ដែលមាន​អាជីវកម្ម​ចម្បងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍​អចលនទ្រព្យប្រណីតនៅកម្ពុជា ​ផ្ដោតលើការអភិវឌ្ឍ​អាគារ​លំនៅ​ឋាន​ ពាណិជ្ជកម្ម។

​គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ១៤ បានចុះបញ្ជី​លក់មូលបត្របំណុល។ ក្រុមហ៊ុនទាំង ២៦ បានប្រមូលទុនពីផ្សារមូលបត្រសរុប ប្រមាណ ៦៥៤ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម