ព័ត៌មានអន្ដរជាតិ
ឆ្លងធ្ងន់ធ្ងរពេក ប្រទេសផលិតវ៉ាក់សាំងកូវីដធំជាងគេបំផុតលើលោក ដល់ថ្នាក់អស់ថ្នាំចាក់ឲ្យប្រជាជនខ្លួនឯង
នៅឥណ្ឌា ដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេលើពិភពលោក, ប្រជាជនរាប់លាននាក់កំពុងរងចាំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ចំពេលមានការឆ្លងរាលដាលរលកទី២ដ៏ធ្ងន់ធ្ងរ។
ជាធម្មតា ឥណ្ឌាផលិតវ៉ាក់សាំងបានជាង៦០ភាគរយ ក្នុងចំណោមវ៉ាក់សាំងទាំងអស់ដែលត្រូវបានលក់នៅទូទាំងពិភពលោក ហើយជាទីតាំងរបស់វិទ្យាស្ថាន Serum (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក។

សមត្ថភាពផលិតដ៏ធំធេងរបស់ខ្លួន គឺជាមូលហេតុដែលប្រទេសនេះបានចុះហត្ថលេខាក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមចែកចាយវ៉ាក់សាំងជាសកលជាមួយការបញ្ចុះតម្លៃឬឥតគិតថ្លៃ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។
យោងតាមកិច្ចព្រមព្រៀងដំបូងដែលបានប្រកាសកាលពីឆ្នាំមុន SII នឹងផលិតវ៉ាក់សាំងឲ្យបានរហូតដល់២០០លានដូសសម្រាប់ប្រទេសចំនួន៩២។
ប៉ុន្តែស្ថានភាពនៅប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរឡើងៗក្នុងរយៈពេលប៉ុន្មានខែមុន។ រលកទី២ បានចាប់ផ្តើមនៅក្នុងខែមីនា ពោលគឺលឿនជាងលើកទី១ដែលបានឈានដល់ចំណុចកំពូលកាលពីខែកញ្ញា ដោយមួយថ្ងៃមានអ្នកឆ្លងកូវីដរហូតដល់ទៅ ៩៧,០០០ករណី។
ថ្វីបើរដ្ឋនិងទីក្រុងនានាបានដាក់វិធានការនិងបម្រាមគោចរយ៉ាងតឹងរ៉ឹងក៏ដោយ ក៏ការផ្គត់ផ្គង់វ៉ាក់សាំងនៅតែមានភាពខ្វះខាត ខណៈរដ្ឋចំនួន៥កំពុងរាយការណ៍អំពីកង្វះខាតធ្ងន់ធ្ងរ និងជំរុញឲ្យរដ្ឋាភិបាលសហព័ន្ធធ្វើសកម្មភាពជាបន្ទាន់។

នៅចំពោះមុខវិបត្តិនេះ រដ្ឋាភិបាលនិង SII បានបង្វែរគោលការណ៍ពីការផ្តល់វ៉ាក់សាំងទៅឲ្យ COVAX មកផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសវិញ។
គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន២៨លានដូសរួចទៅហើយ ហើយគ្រោងនឹងផ្តល់ជូនចំនួន៥០លានដូសទៀតនៅក្នុងខែមេសានេះ។

លោក Adar Poonawalla នាយកប្រតិបត្តិ SII បាននិយាយថា វាមិនមែនជាលើកទី១ទេ ដែលឥណ្ឌាផ្អាកការចូលរួមវិភាគទានរបស់ខ្លួន។ កាលពីខែមករា រដ្ឋាភិបាលបានដាក់កម្រិតលើការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយ SII ពីព្រោះពួកគេចង់ផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះនិងខ្វះខាតបំផុត។
ប៉ុន្តែការពន្យារពេលម្តងហើយម្តងទៀតនេះ បានធ្វើឲ្យប្រទេសក្រីក្រជួបការលំបាក។ នាយកអង្គភាពត្រួតពិនិត្យជំងឺអាហ្វ្រិកបានព្រមានថា ការពន្យារពេលនាំចេញរបស់ឥណ្ឌា អាចជាគ្រោះមហន្តរាយសម្រាប់ទ្វីបនេះ ខណៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកទទួលធំជាងគេ បានសម្រេចចិត្តអនុញ្ញាតឲ្យមានការនាំចូលនិងលក់វ៉ាក់សាំងឯកជនដើម្បីបំពេញចន្លោះប្រហោង។

មកដល់ពេលនេះ មានតែប្រជាជន១៤.៣លាននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងពេញលេញ ពោលគឺត្រឹមជាង ១ភាគរយប៉ុណ្ណោះនៃប្រជាជនឥណ្ឌាសរុប ១.៣ពាន់លាននាក់។
នៅរដ្ឋ Odisha, មជ្ឈមណ្ឌលចាក់វ៉ាក់សាំងជិត៧០០កន្លែង ត្រូវបង្ខំចិត្តបិទទ្វារកាលពីសប្តាហ៍មុន ដោយសារតែកង្វះខាតវ៉ាក់សាំង។ អាជ្ញាធរសុខាភិបាលបានព្រមានថា រដ្ឋនេះនឹងអស់វ៉ាក់សាំងពីស្តុកទាំងមូលក្នុងពេលឆាប់ៗ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ក្រោយជោគជ័យជាមួយការចាក់វ៉ាក់សាំង អ៊ីស្រាអែល លែងតម្រូវឲ្យប្រជាជនពាក់ម៉ាសពេលចេញក្រៅ ចាប់ពីថ្ងៃនេះទៅ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


