ព័ត៌មានជាតិ
ត្រាំ ប្រកាសថា ថៃ និងកម្ពុជាព្រមគ្នាឈប់បាញ់ ដោយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡំពួ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅពាក់កណ្ដាលយប់រំលងអធ្រាត្រចូលថ្ងៃសៅរ៍ទី ១៣ ធ្នូ នេះ (ម៉ោងនៅកម្ពុជា) ថា ថៃ និងកម្ពុជា បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដោយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡំពួ ដែលសម្រេចបាននៅចុងខែតុលា ឡើងវិញ។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានសន្ទនាទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ ដែលទើបប្រកាសរំលាយសភាថ្មីៗ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃសុក្រ (ពេលព្រឹកនៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃដដែល) អំពីការផ្ទុះឡើងជាថ្មីនៃជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងប្រទេសទាំង២។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ពួកគេបានយល់ព្រមលើការឈប់បាញ់ទាំងអស់ ដោយចូលជាធរមានពីល្ងាចនេះទៅ ហើយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយខ្ញុំ ជាមួយនឹងជំនួយពីនាយករដ្ឋមន្រ្តីដ៏អស្ចារ្យរបស់ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម»។
ល្ងាចក្នុងការប្រកាសរបស់លោក ប្រហែលជាចង់សំដៅលើល្ងាចថ្ងៃសុក្រនៅសហរដ្ឋអាមេរិក ដែលស្មើនឹងព្រឹកថ្ងៃសៅរ៍ នៅកម្ពុជា។
អ្វីដែលជាការណ៍គួរឱ្យកត់សម្គាល់នោះគឺថា លោក ត្រាំ បានហៅការដើរជាន់មីន ដែលធ្វើ «ឱ្យទាហានថៃស្លាប់ និងរបួសជាច្រើននាក់នោះ ជាគ្រោះថ្នាក់ដោយចៃដន្យ» ប៉ុន្តែយ៉ាងណាក៏ដោយ «ថៃបានសងសឹកយ៉ាងខ្លាំងក្លា»។
លោក ត្រាំ បានបន្តថា ប្រទេសទាំង២បានត្រៀមខ្លួនសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកបានបន្ថែមទៀតថា វាគឺកិត្តិយសមួយសម្រាប់លោកក្នុងការដោះស្រាយជម្លោះ «ដែលអាចវិវត្តក្លាយជាសង្រ្គាមទ្រង់ទ្រាយធំមួយ» រវាងថៃ និងកម្ពុជា។ លោក ត្រាំ ក៏បានអរគុណដល់លោក អាន់វ៉ា សម្រាប់ការសម្របសម្រួលរបស់លោកផងដែរ។
គួរគូសបញ្ជាក់ថា ជម្លោះចុងក្រោយបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយកម្ពុជាចោទប្រកាន់ថៃថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព បង្កហេតុ និងឈ្លានពានកម្ពុជា។ ភាពតានតឹងកាន់តែខ្លាំង ដោយថៃបានវាយប្រហារលើទីតាំងយោធា និងស៊ីវិលកម្ពុជា ដោយប្រើទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក ការផ្លោងគ្រាប់ និងការបាញ់កាំភ្លើងដៃ នៅខេត្តព្រំដែនចំនួន ៥ រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ យោធាថៃបានវាយប្រហារដោយមិនរើសមុខលើតំបន់ជនស៊ីវិល និងទីកន្លែង/ប្រាសាទប្រវត្តិសាស្រ្ត ដោយសម្លាប់ជនស៊ីវិលស្លូតត្រង់កម្ពុជាប្រមាណ ១១ នាក់ និងរបួសជាង ៧០ នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ (១២ ធ្នូ)។
ដោយឡែកក្នុងកិច្ចសន្ទនាទូរស័ព្ទជាមួយ ត្រាំ លោក អានុទីន នៅតែទទូចថា ថៃមិនដែលបំពានលក្ខខណ្ឌ និងមិនមែនជាអ្នកឈ្លានពាន ដោយសកម្មភាពយោធារបស់ខ្លួន ធ្វើឡើងដើម្បីតែការពារអធិបតេយ្យភាព ទឹកដី និងសុវត្ថិភាពពលរដ្ឋថៃ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។ ក្នុងសេចក្ដីសង្ខេបរបស់រដ្ឋាភិបាលថៃ ដែលចេញផ្សាយក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដដែល លោក អានុនីន បានប្រាប់ទៅ ត្រាំ ថា កម្ពុជាត្រូវតែជាអ្នកប្រកាស និងអនុវត្តការបញ្ឈប់គ្រប់អរិភាពទាំងអស់ ដោយដកទ័ពចេញ និងមីនដែលកម្ពុជាបានដាក់ថ្មី។ កម្ពុជាតែងតែច្រានចោលការចោទប្រកាន់របស់ថៃជុំវិញបញ្ហាមីននេះ ដោយសំអាងថា វាបន្សល់ទុកពីសម័យដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


