ព័ត៌មានអន្ដរជាតិ
ចិនចាប់ផ្តើមយកពន្ធលើស្រោមអនាម័យ ដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះ
ប្រទេសចិនបានចាប់ផ្តើមអនុវត្តការយកអាករបន្ថែម (VAT) ចំនួន១៣%លើឧបករណ៍ និងឱសថពន្យារកំណើត រួមមានស្រោមអនាម័យ និងថ្នាំពន្យារកំណើត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។ វិធានការនេះគឺជាការបញ្ចប់នូវការលើកលែងពន្ធដែលមានរយៈពេលជាង ៣ទសវត្សរ៍មកហើយ តាំងពីសម័យគោលនយោបាយ«កូនមួយ» និងជាផ្នែកមួយនៃការកែទម្រង់ច្បាប់ពន្ធដារ ដើម្បីជំរុញការរៀបអាពាហ៍ពិពាហ៍ និងបង្កើនអត្រាកំណើតដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

ក្រោមប្រព័ន្ធពន្ធដារថ្មី ខណៈដែលផលិតផលពន្យារកំណើតត្រូវជាប់ពន្ធដូចទំនិញប្រើប្រាស់ទូទៅ សេវាកម្មថែទាំកុមារ សេវាកម្មពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ និងការថែទាំមនុស្សចាស់ ត្រូវបានផ្តល់ការលើកលែងពន្ធវិញ។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាកម្លាំងពលកម្មដែលកំពុងខ្សត់ខ្សោយ និងចំនួនប្រជាជនដែលបានធ្លាក់ចុះក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ ទិន្នន័យផ្លូវការសម្រាប់ឆ្នាំ២០២៤ បង្ហាញថា ចំនួនទារកដែលកើតមានត្រឹមតែ ៩,៥៤លាននាក់ប៉ុណ្ណោះ ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនទារកកាលពី១០ឆ្នាំមុន។
ការយកពន្ធលើ«ស្រោមអនាម័យ»នេះ បានបង្កឲ្យមានការរិះគន់ និងការចំអកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន។ អ្នករិះគន់លើកឡើងថា តម្លៃឧបករណ៍ពន្យារកំណើតមិនមែនជាបញ្ហាសំខាន់ឡើយ បើធៀបនឹងការចំណាយដ៏ខ្ពស់លើការអប់រំ និងលំនៅដ្ឋាន ដែលជាឧបសគ្គចម្បងក្នុងការចិញ្ចឹមកូន។ ទន្ទឹមនឹងនេះ ជំនាញការផ្នែកសុខភាពសាធារណៈបានព្រមានថា ការធ្វើឲ្យឧបករណ៍ពន្យារកំណើតមានតម្លៃថ្លៃជាងមុន អាចបណ្តាលឲ្យមានការកើនឡើងនូវការមានផ្ទៃពោះដោយអចេតនា និងការរីករាលដាលនៃជំងឺឆ្លងតាមផ្លូវភេទ រួមទាំងមេរោគអេដស៍ផងដែរ ជាពិសេសក្នុងចំណោមនិស្សិត និងអ្នកដែលមានប្រាក់ចំណូលទាប។
គោលនយោបាយនេះបានលេចឡើងស្របពេលជាមួយនឹងវិធានការលើកទឹកចិត្តផ្សេងទៀត ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារថ្នាក់ជាតិចំនួន ៣៦០០យន់ (ប្រហែល៥០៣ដុល្លារ) ក្នុងមួយឆ្នាំសម្រាប់កុមារអាយុក្រោម៣ឆ្នាំ និងផែនការលុបចោលការចំណាយលើការសម្រាលកូននៅមន្ទីរពេទ្យត្រឹមដំណាច់ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងប្រជាសាស្ត្រនៅតែមានមន្ទិលសង្ស័យថា តើការផ្លាស់ប្តូរពន្ធនេះ អាចយកឈ្នះលើក្តីបារម្ភផ្នែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរផ្នត់គំនិតសង្គម ដែលធ្វើឲ្យយុវជនចិនជាច្រើនមិនចង់រៀបការ និងមានកូន បានដែរឬយ៉ាងណា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


