Connect with us

កីឡា

លោក Koji Gyotoku បន្ត​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជាក្នុង​ឆ្នាំ ២០២៦

បានផុស

នៅ

គ្រូ​បង្វឹកសញ្ជាតិ​ជប៉ុន លោក Koji Gyotoku នឹង​បន្ត​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​​អន្តរជាតិ​​នានា​ក្នុង​ឆ្នាំ ២០២៦ បន្ទាប់​ពី​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បន្ត​កុងត្រា​ថ្មី។

លោក Koji Gyotoku
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Koji Gyotoku ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាតែងតាំង​ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ​កម្ពុជា កាល​ពីចុង​​ឆ្នាំ ២០២៤ និង​ត្រូវ​ផុត​កុងត្រា​នៅ​​ដើមឆ្នាំ ២០២៦ ប៉ុន្តែ​នៅ​ពេល​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​លោក​ឲ្យ​ដឹក​នាំ​បន្ត​ទៀត។

លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឆ្លើយ​តប​នឹង​សារព័ត៌មាន«កម្ពុជា​ថ្មី»​ជុំ​វិញ​ការ​រៀបចំ​ក្រុម​ការងារ​គ្រូ​បង្វឹក​ត្រៀម​ពាន​អន្តរជាតិ​​ក្នុង​ឆ្នាំ ២០២៦ ​ថា ៖«ខ្ញុំ​សូម​ផ្តល់ចម្លើយ​ពាក់​កណ្តាល​សិន សម្រាប់​គ្រូ​បង្គោល​គឺ​យើង​យក​គ្រូ​ជន​ជាតិ​ជប៉ុន​ដដែល​គឺ​លោក Koji Gyotoku ហើយ​សម្រាប់​ក្រុម​ការងារ​ដែល​មាន​គ្រូ​ជំនួយ​ជា​ដើម​​នៅ​លើ​លោក ឈូក ពិសិដ្ឋ ជា​អ្នក​ចាត់​ការ​ក្រុម ធ្វើ​ការ​ជា​មួយ​គ្រូ​បង្គោល​ដើម្បី​រៀប​ចំ​ក្រុម​ការងារ តែ​មិន​ទាន់​បាន​លទ្ធផល​មក​ទេ»។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​មាន​ភារកិច្ច​សំខាន់​ក្នុង​ឆ្នាំ ២០២៦​ ​​គឺ​ការ​ប្រកួត ជើង​ឯក​អាស៊ាន ASEAN Championship ចាប់​ពី​ខែ​កក្កដា ដល់ ខែ​សីហា។ កម្ពុជា ស្ថិត​នៅ​ពូល A ជា​មួយ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និង​ព្រុយណេ ឬ ទីម័រខាង​កើត។

នេះ​ជា​លើក​ទី ២ ដែលលោក Koji Gyotoku ត្រូវ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​​ជើង​ឯក​ ASEAN Championship បន្ទាប់​ពី​លើក​ទី១ កាល​ពី​ឆ្នាំ​២០២៤ លោក​បាន​ដឹក​នាំ​ឈ្នះ ទីម័រ​ខាង​កើត ២-១, ស្មើ ម៉ាឡេស៊ី ២-២ និងចាញ់ វៀតណាម និង ថៃ ២-១ ដូចគ្នា។ អ្នក​គាំទ្រ​ចង់​ឃើញ​ កម្ពុជា​បង្កើត​ប្រវត្តិ​សាស្ត្រ​ដំបូង​ក្នុង​ការ​ឆ្លង​ឲ្យ​ផុត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ដោយ​សារ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​​ឡើយ។

ក្រៅ​ពី​ការ​ប្រកួត​ផ្លូវ​ការ​ក្នុង​ពាន​រង្វាន់​​ខាង​លើ លោក Koji Gyotoku ក៏​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ៦ ប្រកួត​ទៀត​គឺ ឈ្នះ១ ស្មើ​១ និង​ចាញ់៤។

ស្ថិតិ​ក្រោម​ការ​ដឹកនាំ​របស់លោក Koji Gyotoku គឺឈ្នះ ២ ស្មើ ២ និង​ចាញ់ ៧

  • ឈ្នះ ឆាយនីយ តៃប៉ិ ៣-២ (មិត្តភាព​នៅ​កម្ពុជា ទី១១ វិច្ឆិកា ២០២៤)
  • ចាញ់ ហុងកុង ០-៣ (មិត្តភាព​នៅ​ ហុងកុង ទី១៥ តុលា ២០២៤ )
  • ចាញ់ U23 កាតា ១-២ (មិត្តភាព​បិទទ្វារ​នៅ​កាតា ទី១៦ វិច្ឆិកា ២០២៤)
  • ស្មើ ម៉ាឡេស៊ី ២-២ (ASEAN Championship នៅ​កម្ពុជា ទី៨ ធ្នូ ២០២៤)
  • ចាញ់ សិង្ហបុរី ១-២ (ASEAN Championship នៅ​សិង្ហបុរី ទី១១ ធ្នូ ២០២៤)
  • ឈ្នះ ទីម័រខាង​កើត ២-១ (ASEAN Championship នៅកម្ពុជា ទី១៧ ធ្នូ ២០២៤)
  • ចាញ់ ថៃ ១-២ (ASEAN Championship នៅ​ថៃ ទី​២០ ធ្នូ ២០២៤)
  • ចាញ់ វៀតណាម ១-២ (មិត្តភាព​នៅ​វៀតណាម ទី​១៩ មីនា ២០២៥)
  • ចាញ់ អារូបា ១-២ (មិត្តភាព​នៅ​កម្ពុជា ទី​២៥ មីនា ២០២៥)
  • ចាញ់ តាជីហ្ស៊ីស្ថាន ​(មិត្តភាព​នៅ​កម្ពុជា ទី​៥ មិថុនា ២០២៥)
  • ស្មើ ហុងកុង ១-១ (មិត្តភាព​នៅ​ហុងកុង ទី១៣ វិច្ឆិកា ២០២៥)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម