Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង នឹងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួន២ត្រឹមឆ្នាំ២០៣៨

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតធំថ្មីចំនួន​២​ត្រឹមឆ្នាំ២០៣៨ ដើម្បីដោះស្រាយបញ្ហាតម្រូវការថាមពលស្អាតដែលកំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអាកាសធាតុ លោក Kim Sung-whan នា​ថ្ងៃចន្ទ​ទី​២៦​ខែ​មករា​ឆ្នាំ​២០២៦។

(រូបភាពដោយគណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Korea Times ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងសេអ៊ូល លោក Kim បានបង្ហាញពីផែនការមូលដ្ឋានលើកទី១២ សម្រាប់ការផ្គត់ផ្គង់ និងតម្រូវការអគ្គិសនី ដែលគ្របដណ្តប់លើដំណាក់កាលឆ្នាំ២០២៦-២០៤០។ ផែនការនេះបានជំរុញការសាងសង់រ៉េអាក់ទ័រទាំងនេះ ដែលត្រូវបានស្នើឡើងដំបូងក្រោមផែនការមូលដ្ឋានលើកទី១១ នៃរដ្ឋបាលមុន ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចន្លោះឆ្នាំ២០៣៧ និង ២០៣៨។ លោក Kim បានសង្កត់ធ្ងន់ថា ការកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ គឺជាការចាំបាច់ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ដែលទាមទារ​ឲ្យ​មានបណ្តាញអគ្គិសនីដែលផ្អែកលើទាំងថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ។

ការសម្រេចចិត្តនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក តាម​រយៈ​ការស្ទង់មតិថ្មីៗដែលធ្វើឡើងដោយរដ្ឋាភិបាល ដែល​បង្ហាញថា ៨០ភាគរយនៃអ្នកឆ្លើយតបបានគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុនរដ្ឋ Korea Hydro & Nuclear Power (KHNP) គ្រោងនឹងចាប់ផ្តើមដំណើរការដេញថ្លៃ ដើម្បីជ្រើសរើសទីក្រុងដែលត្រូវទទួលសាងសង់រ៉េអាក់ទ័រថ្មីទាំងនេះត្រឹមឆ្នាំ២០២៧ ដោយមានគោលដៅទទួលបានការយល់ព្រមពីស្ថាប័នត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរត្រឹមឆ្នាំ២០៣១។

ការពង្រីកវិស័យនុយក្លេអ៊ែរនេះ ត្រូវបានរៀបចំឡើងជាពិសេសដើម្បីបំពេញតម្រូវការអគ្គិសនីយ៉ាងច្រើនដែលបង្កឡើងដោយការរីកចម្រើនយ៉ាងរហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) និងការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលស្របទៅនឹងការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងក្នុងការសម្រេច​ឲ្យ​បាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម