Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ពេលនេះ មជ្ឈិមបូព៌ា ប្រៀបដូចជាចម្ការមីន ដែលរង់ចាំតែផ្ទុះបណ្តាក់គ្នាប៉ុណ្ណោះ

បានផុស

នៅ

ដោយមើលឃើញស្ថានការណ៍កាន់តែមិនស្រួលរវាងអ៊ីរ៉ង់និងអាមេរិក ប្រទេសរុស្ស៊ីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ថែមទាំងព្រមានធ្ងន់ៗថា ការឡើងកម្តៅរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ នឹងធ្វើឲ្យផ្ទុះ មជ្ឈិមបូព៌ាទាំងមូល ព្រោះឥឡូវតំបន់នេះប្រៀបដូចជាចម្ការមីន ដែលរង់ចាំតែផ្ទុះបណ្តាក់គ្នាប៉ុណ្ណោះ។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov, តំបន់មជ្ឈិមបូព៌ា ដូចជាចម្ការមីនអ៊ីចឹង បើមីនផ្ទុះហើយគឺផ្ទុះបណ្តាក់គ្នា ហើយនោះគឺជាលទ្ធផលដែលបង្កឡើងដោយអាមេរិកនិងអ៊ីរ៉ង់។

តាមសម្តីលោក Lavrov ៖ «អ៊ីរ៉ង់គឺជាដៃគូជិតស្និទ្ធ និងជាអ្នកជិតខាងរបស់យើង យើងយកចិត្តទុកដាក់និងតាមដានការវិវឌ្ឍនៃសភាពការណ៍។ ស្ថានការណ៍នេះគឺងាយផ្ទុះអាវុធណាស់ មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាលទាំងមូលតែម្តង។ មានមីស៊ីលនិងគ្រាប់មីនច្រើនណាស់ដែលបង្កប់នៅទីនោះ រង់ចាំតែការជាន់ពីលើប៉ុណ្ណោះ»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូបថត៖ Reuters)

យ៉ាងណា ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «ទីក្រុងមូស្គូគ្មានបំណងចូលខ្លួនជ្រៀតជ្រែកក្នុងរឿងប្រទេសទាំងពីរទេ ប៉ុន្តែក៏ត្រៀមខ្លួនរួចជាស្រេចហើយដែរ ក្នុងការដើរតួនាទីស្ថាបនា ប្រសិនបើពួកគេអាចរកឃើញមធ្យោបាយសន្តិភាព»។

ការព្រមាននេះកើតឡើងបន្ទាប់ពី អាមេរិកនិងអ៊ីរ៉ង់ បានបញ្ឆេះសង្គ្រាមពាក្យសម្តីជាមួយគ្នាកាន់តែខ្លាំងឡើងៗ ដោយមានការនិយាយឌឺដងនិងគំរាមគ្នាទៅវិញទៅមកឥតល្ហែ។ 

ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

កាលពីថ្ងៃពុធ ប្រមុខសេតវិមាន Donald Trump បោះសម្តីថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គួរតែបារម្ភ ចំពោះការវាយប្រហារយោធា ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនបានសម្រេចជាមួយអាមេរិកទេនោះ។

ឆ្លើយតបទៅវិញ មេទ័ពអ៊ីរ៉ង់ Abdolrahim Mousavi បានចេញមុខប្រកាសដោយមិនញញើតថា ខ្លួនត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម