Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលផ្លោងគ្រាប់បែក​ដាក់​ក្រុងបេរូត ក្រោយ​ហេសបូឡាបាញ់សងសឹកវិញឲ្យ​លោក Khamenei

បានផុស

នៅ

យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហាររដ្ឋធានី​បេរូត របស់ប្រទេសលីបង់ នា​ថ្ងៃច​ន្ទ​ទី​២​ខែ​មីនា​ឆ្នាំ​២០២៦នេះ បន្ទាប់ពីក្រុមហេបូឡា​បានបង្ហោះដ្រូន និងបាញ់រ៉ុក្កែតលើមូលដ្ឋានទ័ពក្បែរក្រុង Haifa ភាគខាងជើងអ៊ីស្រាអែល។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់ថ្ងៃទី២មីនា២០២៦ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​ Al Jazeera ក្រុមសកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​មួយ​នេះ​ បានបញ្ជាក់ថា ការវាយប្រហារធ្វើឡើងដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងដើម្បីឆ្លើយតបទៅនឹង​ «ការឈ្លានពានរបស់អ៊ីស្រាអែលរយៈពេល១៥ខែកន្លង​មក»។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានប្រកាសវាយបកលើក្រុមហេសបូឡា​យ៉ាងខ្លាំងក្លា និងបានកំណត់គោលដៅលើសមាជិកជាន់ខ្ពស់របស់ក្រុមនេះនៅតំបន់បេរូត និងភាគខាងត្បូងលីបង់។

ស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅពេលដែលអ៊ីស្រាអែលបានចេញបញ្ជា​ឲ្យ​ប្រជាជននៅក្នុងភូមិជាង៥០ និងនៅជ្រលងភ្នំ Bekaa ជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។ អំពើហិង្សានេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ត្រូវបាន​បំផ្លាញ ដែលក្នុងនោះទីក្រុងបេរូតបានចោទប្រកាន់ថា អ៊ីស្រាអែលបានរំលោភបំពានអធិបតេយ្យភាពលីបង់ចំនួន ២០៣៦​លើក ក្នុងរយៈពេល​៣ខែចុងក្រោយនៃឆ្នាំ២០២៥។ រដ្ឋាភិបាលលីបង់ធ្លាប់បានចេញបញ្ជា​ឲ្យ​ក្រុមហេសបូឡាទម្លាក់អាវុធ ប៉ុន្តែក្រុមនេះបានបដិសេធ ដោយអះអាងថា អាវុធរបស់ខ្លួនគឺចាំបាច់ដើម្បីការពារប្រទេសពីមហិច្ឆតាពង្រីកទឹកដីរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានថ្កោលទោសការវាយប្រហាររបស់ហេសបូឡា​លើក​នេះ ថាជា «ទង្វើដែលមិនទទួលខុសត្រូវ និងគួ​រឲ្យ​សង្ស័យ» ដែលផ្តល់លេស​ឲ្យ​អ៊ីស្រាអែលបន្តការឈ្លានពាន។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត​ឲ្យ​ប្រទេសធ្លាក់ក្នុង​ជម្លោះ​ថ្មីឡើយ ហើយនឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកបង្កហេតុ ដើម្បីការពារប្រជាជនលីបង់។ ការកើនឡើងនៃជម្លោះនេះកំពុងធ្វើ​ឲ្យ​វិបត្តិនៅក្នុងប្រទេសលីបង់កាន់តែដុនដាប បន្ថែមលើបញ្ហានយោបាយ និងសេដ្ឋកិច្ចដែលមានស្រាប់ជាច្រើនឆ្នាំមកហើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម