Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ៧មករា បញ្ជាឱ្យអាជ្ញាធរសង្កាត់ទាំង៨ ទប់ស្កាត់ការបង្កសំឡេងរំខាន ការចាក់ធុងបាស់ «បើមានបញ្ហាអ្វីលោកទទួលខុសត្រូវ »

បានផុស

នៅ

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់សង្កាត់ក្នុងខណ្ឌ៧មករា រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមេភូមិ សង្កាត់យកចិត្តទុកដាក់ត្រួតពិនិត្យ និងហាមឃាត់ការបង្កសំឡេងរំខាន ដែលប៉ះពាល់ដល់សុខុមាលភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពសង្គម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យ វិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញ។

រូបឯកសារ

ក្នុងឱកាសនោះ លោក ថេង សុថុល បានបញ្ជាក់ថា ការបង្កសំឡេងរំខាននៅពេលយប់ ឬក្រោយពេលប្រជាពលរដ្ឋត្រឡប់ពីការងារមកសម្រាក គឺជាបញ្ហាដែលប៉ះពាល់ដល់សុខុមាលភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះបុគ្គល ឬទីតាំងណាដែលបង្កសំឡេងរំខានដល់សាធារណៈ ដោយមិនត្រូវមានការលើកលែង ឬការខ្លាចចំពោះបុគ្គលមានអំណាចណាមួយឡើយ។ លោកបានបញ្ជាក់ថា ប្រសិនបើការអនុវត្តន៍ច្បាប់ប៉ះពាល់ដល់បុគ្គលមានឥទ្ធិពល ឬអ្នកមានអំណាចណាមួយ លោកនឹងចេញមុខទទួលខុសត្រូវដោយផ្ទាល់ ដើម្បីធានាឱ្យការអនុវត្តន៍ច្បាប់មានភាពត្រឹមត្រូវ និងយុត្តិធម៌។

កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាល និងចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា។

ក្នុងពេលជាមួយគ្នានេះ លោក-លោកស្រីចៅសង្កាត់ទាំងអស់បានឡើងប្តេជ្ញាចិត្តថា នឹងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់ និង សហការ មួយកម្លាំងសមត្ថកិច្ច ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ 

អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម