Connect with us

ព័ត៌មានអន្ដរជាតិ

តើការស្តារប្រព័ន្ធអ៊ីនធឺណិតរបស់​អ៊ីរ៉ង់ ជាការបន្ថយ​ភាពតានតឹង​ទាំងក្នុងស្រុក​និង​អន្តរជាតិ​​ឬ​ទេ ?

បានផុស

នៅ

ការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក្នុងការបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ កាលពីថ្ងៃទី២៥ ខែឧសភា ក្រោយបិទខ្ទប់អស់រយៈពេលជិត ៩០ថ្ងៃ ត្រូវបានអ្នកវិភាគមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតដ៏មានឥទ្ធិពល ស្របពេលដែលកិច្ចចរចាសន្តិភាពរវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានសន្ទុះទៅមុខយ៉ាងខ្លាំង។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីសារព័ត៌មាន theguardian វិធានការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា និងគមនាគមន៍នេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ច និងការតវ៉ាផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានមួយផ្ញើទៅកាន់សហគមន៍អន្តរជាតិ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញពីតម្លាភាព និងឆន្ទៈពិតប្រាកដក្នុងការបញ្ចប់ជម្លោះយោធាដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ។

សកម្មភាពស្របគ្នានេះកើតឡើងចំពេលដែលលោក ត្រាំ បានប្រកាសដោយក្តីសង្ឃឹមថា កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចរចាស្ទើរតែរួចរាល់ទាំងស្រុង ដែលរួមបញ្ចូលទាំងលក្ខខណ្ឌនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រមទាំងការដោះស្រាយបញ្ហាអ៊ុយរ៉ាញ៉ូម​​របស់អ៊ីរ៉ង់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pezeshkian បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាអ៊ីរ៉ង់បង្ហាញភាពទន់ភ្លន់ និងឆន្ទៈក្នុងការចរចាក៏ដោយ ក៏ប្រទេសនេះនឹងមិនឱនក្បាលទទួលយក «ការទាមទារហួសហេតុ» ឬសម្ពាធខ្លាំងពេកពីខាងក្រៅ ដែលប៉ះពាល់ដល់អធិបតេយ្យភាពជាតិ និងសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់នោះឡើយ។

ទោះបីជាសន្ទុះនៃការចរចាកំពុងមានភាពវិជ្ជមាន ដែលមានប៉ាគីស្ថានធ្វើជាអ្នកសម្របសម្រួលក៏ដោយ ក៏ដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅតែជួបប្រទះនូវឧបសគ្គស្មុគស្មាញជាច្រើន ដែលទាមទារការដោះស្រាយយ៉ាងហ្មត់ចត់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវតែប្រគល់ ឬកម្ទេចស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ភ្លាមៗ ក្រោមការត្រួតពិនិត្យពីអន្តរជាតិ ខណៈដែលភាគីអ៊ីរ៉ង់នៅតែមានការសង្ស័យលើការសន្យារបស់អាមេរិកក្នុងការដោះលែងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កក។

លើសពីនេះ ភាពខ្វែងគំនិតគ្នាលើរយៈពេលនៃការផ្អាកការចម្រាញ់សារធាតុនុយក្លេអ៊ែរ និងវិសាលភាពនៃបទឈប់បាញ់ ដែលអាចរាប់បញ្ចូលទាំងបញ្ហានៅលីបង់ និងក្រុមហេសបូឡា ផងនោះ កំពុងធ្វើឲ្យភាគីទាំងសងខាងត្រូវប្រុងប្រយ័ត្នខ្ពស់។

មិនតែប៉ុណ្ណោះ ស្ថាប័នតុលាការអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែឧសភា បានសម្រេចព្យួរការងាររបស់ស្ថាប័នប្រធានាធិបតីមួយ ដែលទើបតែបានបញ្ជាឲ្យស្តារការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីការ​កាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេល​ច្រើនខែ ចាប់តាំងពីមានសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល។ ហេតុដូច្នេះ ពិភពលោកនៅតែត្រូវរង់ចាំមើលថា តើការបន្ទន់ឥរិយាបថផ្នែកគមនាគមន៍នេះ អាចឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ឬយ៉ាងណា នៅក្នុងបរិបទនយោបាយពិភពលោកដ៏ស្រួចស្រាវបច្ចុប្បន្ន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទ​​បញ្ជារបស់ប្រធានាធិបតី Pezeshkian
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម