Connect with us

ជីវិតកម្សាន្ដ

ចលនាលើកស្ទួយវប្បធម៌ខ្មែរ កាន់តែផុសផុល តាមរយៈឈុតស្បៃ មកុដ និងទស្សីយភាពសិល្បៈបុរាណ

បានផុស

នៅ

ការបង្ហាញវត្តមានឈុតស្បៃបុរាណខ្មែរតាមតំបន់នានា របស់ក្រុមសិល្បករសិល្បការិនី ព្រមទាំងស្នាដៃច្នៃដំឡើងមកុដបុរាណជាបន្តបន្ទាប់ របស់ក្រុមអ្នកជំនាញផ្នែកច្នៃដំឡើងសម្លៀកបំពាក់ និងមកុដអប្សរាខ្មែរ បានធ្វើឱ្យសាធារណជនមើលឃើញកាន់តែច្បាស់ថា នេះជាចលនាដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសកម្មភាពផ្សព្វផ្សាយយ៉ាងផុសផុលនាពេលថ្មីៗនេះ សង្កេតឃើញថា ទាំងអ្នកជំនាញផ្នែកវប្បធម៌ សិល្បករ អ្នកច្នៃម៉ូដ អ្នកផលិតមាតិកា រហូតដល់សាធារណជនទូទៅ សុទ្ធតែបានចូលរួមតាមលទ្ធភាព និងជំនាញរៀងៗខ្លួន ក្នុងការផ្សព្វផ្សាយតម្លៃអត្តសញ្ញាណខ្មែរ ឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។

ក្នុងចំណោមនោះ ក្រុមសិល្បករសិល្បការិនី និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកឈុតស្បៃខ្មែរ និងសម្លៀកបំពាក់បុរាណ ទៅបង្ហាញតាមតំបន់ទេសចរណ៍ និងកម្មវិធីវប្បធម៌នានា។ តួយ៉ាង ក្រុមបវរកញ្ញាកម្ពុជា នាដការីរបាំ ក៏ដូចជា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ត្រូវបានមហាជនកត់សម្គាល់ថា មានសកម្មភាពលេចធ្លោខ្លាំង ក្នុងការផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ តាមរយៈការស្លៀកឈុតស្បៃខ្មែរ និងការចូលរួមក្នុងព្រឹត្តិការណ៍សិល្បៈវប្បធម៌ជាច្រើន។

ដោយឡែក អ្នកជំនាញផ្នែកសម្លៀកបំពាក់ និងគ្រឿងលម្អបុរាណខ្មែរ ក៏កំពុងប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ ក្នុងការស្រាវជ្រាវ និងច្នៃដំឡើងស្នាដៃថ្មីៗ ដើម្បីបន្តដង្ហើមសិល្បៈបុរាណឱ្យរស់រវើកក្នុងសង្គមសម័យទំនើប។ ជាក់ស្តែង ក្រុមអ្នកជំនាញផ្នែកច្នៃដំឡើងមកុដអប្សរាខ្មែរ «ភួងមាល័យ បាយសីខ្មែរ» បានបន្តបង្ហាញស្នាដៃជាបន្តបន្ទាប់ និងទើបតែបង្ហាញ «មកុដអប្សរឧត្តរទិសា» ដែលជាស្នាដៃដកស្រង់ចេញពីទម្រង់ចម្លាក់អប្សរ នៃប្រាសាទអង្គរ។ ស្នាដៃនេះ មិនត្រឹមតែបង្ហាញពីភាពល្អវិចិត្រនៃសិល្បៈច្នៃដំឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការគោរព និងអភិរក្សតម្លៃសិល្បៈបុរាណខ្មែរយ៉ាងជ្រាលជ្រៅផងដែរ។

មិនតែប៉ុណ្ណោះ សិល្បករផ្នែកសិល្បៈបុរាណ ក៏បានចូលរួមលើកតម្កើងវប្បធម៌ជាតិយ៉ាងសកម្ម តាមរយៈរបាំបុរាណ ទម្រង់ល្ខោន និងទស្សនីយភាពសិល្បៈប្រពៃណីផ្សេងៗ នៅក្នុងកម្មវិធីវប្បធម៌ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលធ្វើឱ្យអត្តសញ្ញាណវប្បធម៌ជាតិ កាន់តែទាក់ទាញការចាប់អារម្មណ៍ពីមហាជន។

ជាមួយគ្នានេះ សាធារណជនក៏បានចូលរួមយ៉ាងផុសផុលផងដែរ តាមរយៈការចែករំលែករូបភាព វីដេអូ និងព័ត៌មានពាក់ព័ន្ធនៅលើបណ្តាញសង្គម ដើម្បីជួយផ្សព្វផ្សាយតម្លៃអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។

សកម្មភាពទាំងនេះ ត្រូវបានមើលឃើញថា មិនមែនជាការផ្សព្វផ្សាយវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាចលនារួមមួយ ដែលកំពុងជួយបន្តដង្ហើមកេរដំណែលដ៏មានតម្លៃរបស់ដូនតាខ្មែរ ឱ្យបន្តរស់រវើក និងស្ថិតស្ថេរនៅក្នុងបេះដូងកូនខ្មែរជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម