Connect with us

ជីវិតកម្សាន្ដ

ជំនាន់ក្រោយសិល្បៈបុរាណ ប្រាប់ចំណុចងាយចងចាំពី «ល្ខោនខោល» បំណងជំរុញផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ

បានផុស

នៅ

ដើម្បីបន្តបញ្ជ្រាបចំណេះដឹងផ្នែកវប្បធម៌ដល់អ្នកជំនាន់ក្រោយកម្ពុជា នាដការរបាំ លោក ចាប សុីដាណាល់ ដែលមហាជនស្គាល់ថា ជាអ្នកជំនាន់ក្រោយនៃសិល្បៈបុរាណ «ល្ខោនខោល» នោះ តែងតែចែករំលែកពីសកម្មភាពសម្តែង ក៏ដូចជាចំណេះដឹងខ្លីៗពីអត្តសញ្ញាណវប្បធម៌ជាតិ ក្នុងបំណងឱ្យយុវជនងាយស្រួលយល់ និងចងចាំ។

ជាក់ស្តែង នៅចុងសប្តាហ៍ថ្មីៗនេះ លោក ចាប សុីដាណាល់ និងនាដការរបាំរួមក្រុម បានរួមគ្នាបង្ហាញវីដេអូខ្លីជាង ២នាទី ដោយលើកយកចំណុចសម្គាល់ចម្បង ២ចំណុច នៃទម្រង់ «ល្ខោនខោល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ ចំណុចដែលមើលទៅស្គាល់ថាជាទម្រង់ល្ខោនខោលតែម្តង គឺទី១ សម្តែងបានតែក្នុងរឿងរាមកេរ្ត៍ និងទី២ អ្នករបាំ សុទ្ធតែតួប្រុស ឯការសម្តែងគឺធ្វើកាយវិការតាមអ្នកពោល។ ក្នុងនោះ ក៏មានបញ្ជាក់ដែរថា ទម្រង់ល្ខោននេះមានវត្តមានប្រហាក់ប្រហែលមុនសម័យអង្គរ ដែលដើមឡើយជា «ល្ខោនប្រុស» មិនទាន់មានសាច់រឿងឡើយ តែក្រោយមកក៏ត្រូវបានតម្លើងជាទម្រង់ «ល្ខោនខោល» ដែលមានឈុតឆាករឿងរាមកេរ្ត៍។

ការចែករំលែកជាចំណេះដឹងនេះ ធ្វើឡើងក្រោយការចូលរួមសម្តែងទស្សនីយភាពល្ខោនខោល រឿងរាមកេរ្ត៍ ដកស្រង់ត្រង់ឈុត «ហនុមានអុកឡុកក្រុងលង្ការ» ក្នុងកម្មវិធី «ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ» ថ្មីៗនេះ។

តួយ៉ាង ទស្សនីយភាពល្ខោនខោលដែលលើកយកមកសម្តែង គឺជាស្នាដៃតម្លើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ សម្រាប់យកមកសម្តែងជូនថ្នាក់ដឹកនាំទស្សនា ក្នុងកម្មវិធីខាងលើ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

នាដការរបាំ លោក ចាប សុីដាណាល់ ដែលមហាជនស្គាល់ថា ជាយុវជនដ៏លេចធ្លោមួយរូបក្នុងទម្រង់សិល្បៈបុរាណ «ល្ខោនខោល» និងធ្លាប់បានដឹកនាំក្រុមសិល្បករបុរាណ ទៅសម្តែងលើឆាកព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន។ ក្នុងនោះ ក៏មានការសម្តែងទស្សនីយភាពលើឆាកប្រគំតន្ត្រីសម័យ ជាមួយលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស ផងដែរ។

ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសិល្បៈបុរាណខ្មែរមួយរូប នាដការរបាំរូបនេះ តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនកន្លងមក តែងតែប្រឹងប្រែងជំរុញផ្សព្វផ្សាយ និងចែករំលែកពីអត្តសញ្ញាណនៃសិល្បៈវប្បធម៌ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម