Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមត្រៀម​កាត់បន្ថយជើងហោះហើរ​ពី​ខែ​មេសា ​ក្រោយចិន​ ថៃហាមឃាត់ការនាំចេញប្រេង​​យន្តហោះ

បានផុស

នៅ

អាជ្ញាធរវៀតណាមបានព្រមានឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស​ ឱ្យត្រៀមខ្លួន​សម្រាប់លទ្ធភាព​កាត់បន្ថយជើងហោះហើរ​ចាប់ពីខែមេសា បន្ទាប់ពី​ចិន និងថៃ បានផ្អាក​ការនាំចេញប្រេងឥន្ធនៈយន្តហោះដោយសារតែ​ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ​ដែលបង្កើនហានិភ័យខ្វះខាតប្រេងផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទ (១៦ មីនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយ​ក្នុងឯកសារចុះថ្ងៃទី ៩ ខែមីនា ដែលបានផ្ញើទៅក្រសួង​ដឹកជញ្ជូន​ យ៉ាងដូច្នេះថា៖ «មានហានិភ័យនៃកង្វះ​ប្រេងឥន្ធនៈយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចាប់ពីដើមខែមេសា និងខែបន្តបន្ទាប់»។

អាជ្ញាធរដដែល​បាន​បន្តថា ក្រុមហ៊ុនអាកាសចរណ៍គួរតែពិនិត្យឡើងវិញនូវផែនការរបស់ពួកគេ ជាពិសេសសម្រាប់ផ្លូវហោះហើរក្នុងស្រុក និងបានណែនាំប្រតិបត្តិករអាកាសយានដ្ឋាន ឱ្យរៀបចំកន្លែង​ចត​យន្តហោះបន្ថែមសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

យោងតាមឯកសារពីនិយតករអាកាសចរណ៍ និងអ្នកនាំចូល ​វៀតណាមនាំចូលប្រេងឥន្ធនៈយន្តហោះជាង ២/៣ ដោយ ៦០% ក្នុងនោះ បាន​មកពីប្រទេសចិន និងថៃ។ ​ ក្រៅពីនោះ ​វៀតណាម​​​ក៏ប្រឈមនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងយន្តហោះពីសិង្ហបុរីផងដែរ។

ក្នុងឯកសារដាច់ដោយឡែក​ដែលរ៉យទ័របាន​ឃើញ​ ក្រុមហ៊ុននាំចូលប្រេងសំខាន់ៗ ដូចជា​ Petrolimex និង Skypec បាននិយាយថា ពួកគេអាចធានា​ការផ្គត់ផ្គង់ប្រេង​យន្តហោះ​ត្រឹម​តែ​ខែមីនាប៉ុណ្ណោះ។ Skypec បានជំរុញឱ្យនិយតករ​កម្រិត​ការដឹកជញ្ជូនតាមផ្លូវអាកាស​​ ប្រសិនបើជម្លោះនៅតែបន្ត។

គេមើលឃើញថា ខណៈការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាត្រូវបាន​រាំងស្ទះ ប្រទេសចិនកាលពីដើមខែនេះ បានស្នើសុំ​ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួន ​កុំឱ្យធ្វើកិច្ចព្រមព្រៀងនាំចេញថ្មីៗ ហើយក្រោយមកទៀត ​បាន​ហាមឃាត់​ការនាំចេញប្រេងឥន្ធនៈចម្រាញ់ជាផ្លូវការចាប់ពីថ្ងៃទី ១១ ខែមីនា។ ​ថៃឯេណោះវិញ ក៏បានហាមឃាត់ការនាំចេញផលិតផលប្រេងចម្រាញ់ រួមទាំងប្រេងឥន្ធនៈយន្តហោះផងដែរ នៅថ្ងៃទី ៦ ខែមីនា លើកលែងតែការនាំចេញទៅមីយ៉ាន់ម៉ា និងឡាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម