Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្តេជ្ញាឈរក្បែរគុយបា មិនរង្គោះរង្គើ ចំពេលមានការគំរាមកំហែងរឹតតែ​ខ្លាំង​ពីអាមេរិក

បានផុស

នៅ

រុស្ស៊ីបានចេញមុខមកអះអាងជាថ្មីនូវជំហរសាមគ្គីភាពមិនរង្គោះរង្គើ​របស់ខ្លួនជាមួយប្រទេសគុយបា បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏ក្ដៅគគុកពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែល​បានលើកឡើងជាសាធារណៈនូវបំណងចង់ «គ្រប់គ្រងគុយបា» ដោយបញ្ជាក់ថា លោកមានអំណាចអាចធ្វើអ្វីៗគ្រប់យ៉ាងតាមតែអំពើចិត្តទៅលើប្រទេសដីកោះមួយនេះ។

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​សមភាគី​គុយបា​ Miguel Díaz-Canel (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្វីដែលខ្លួនហៅថាជា «ការប៉ុនប៉ងជ្រៀតជ្រែកយ៉ាងគឃ្លើន» ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក៏ដូចជាការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មខុសច្បាប់នានា។

ការបង្ហាញការគាំទ្រពីសំណាក់វិមានក្រឹមឡាំងនៅពេលនេះ កើតឡើងក្នុងដំណាក់កាលដ៏លំបាកបំផុតសម្រាប់គុយបា ខណៈដែលប្រទេសនេះកំពុងរងគ្រោះដោយសារការបិទខ្ទប់ការនាំចូលប្រេង និងទណ្ឌកម្មថាមពលយ៉ាងចាស់ដៃ ដែលបានធ្វើឲ្យប្រព័ន្ធផលិតអគ្គិសនីស្ទើរតែដាច់ទាំងស្រុងនៅទូទាំងប្រទេស។ យោងតាមរបាយការណ៍ជាច្រើនបានបង្ហាញថា គោលដៅចម្បងរបស់ទីក្រុងវ៉ាស៊ីនតោន គឺការស្វែងរកវិធីដកតំណែងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ចេញពីអំណាចតែម្តង។

ទោះជាយ៉ាងណា ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយថ្នាក់ដឹកនាំគុយបា ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង រាប់តាំងពីជំនួយបច្ចេកទេសរហូតដល់ផ្នែកហិរញ្ញវត្ថុ។ រុស្ស៊ីបានប្ដេជ្ញាជួយជ្រោមជ្រែងដែន​កោះមួយនេះ ឲ្យអាចរើបម្រះចេញពីវិបត្តិដែលមិនធ្លាប់មានពីមុនមកនេះឲ្យ​ទាល់តែបាន៕

ស្ថានភាព​ក្នុង​ប្រទេស​គុយបា (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម