Connect with us

ព័ត៌មានជាតិ

តាំងពីកម្ពុជា-ថៃ មានជម្លោះនៅឆ្នាំ២០២៥ ជប៉ុនបានផ្ដល់ជំនួយដល់ពលរដ្ឋកម្ពុជាប្រមាណជិត ២០លានដុល្លារ

បានផុស

នៅ

ចាប់តាំងពីកម្ពុជា-ថៃផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ជិត ២០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋខ្មែរភៀសសឹកពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកំណើតវិញ និងលើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់លម្អិតថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិកដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។

លោក អះអាងទៀតថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦នេះ ជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀត ជប៉ុនក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមផងដែរ។ ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧ លានដុល្លារអាមេរិក។ ជប៉ុនមានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជម្រុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ។

ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃនេះ, ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើង វិញឆាប់ៗតាមដែលអាចធ្វើ តាមដែលអាចធ្វើបាន តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។ ជប៉ុននឹងបន្ត កិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ហើយនឹងបន្ត ផ្តល់ការគាំទ្រក្រោមទម្រង់ផ្សេងៗ។

គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់។

ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែ លម្អសេវាសាធារណៈនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការដែលជប៉ុនមានជាមូយកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម