Connect with us

សេដ្ឋកិច្ច

គ្រូបង្រៀនម្នាក់ឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

ស្ថិតនៅក្នុងវ័យ ៣៨ឆ្នាំ លោក ថង ប៊ុនធឿន ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រៅពីទំនេរពីកិច្ចការសាលាឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ខណៈបច្ចុប្បន្នឪឡឹកលឿងកំពុងមានទីផ្សារល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនធឿន បានប្រាប់ កម្ពុជាថ្មី ថា មុខរបរដាំឪឡឹកលឿននេះ លោកបានចាប់ផ្ដើមដាំវាឡើងមករយៈពេល៦ឆ្នាំហើយ។ លោកថា​ ដំបូងឡើយចម្ការឪឡឹករប​ស់លោកភាគច្រើនដាំតែឪឡឹកក្រហម ប៉ុន្ដែដោយសារតែតម្លៃវាហាក់ធ្លាក់ថ្លៃខ្លាំងពេក ទើបលោកសម្រេចចិត្តដាំឪឡឹកលឿងនេះលាយឡំជាមួយប្រភេទពូជក្រហម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកប៊ុនធឿន បានឱ្យដឹងទៀតថា សម្រាប់ទីផ្សារវិញ ឪឡឹកលឿង អាចបោះដុំ និងលក់រាយទៅកាន់ទីផ្សារបានចន្លោះពី ១ពាន់ ៥រយរៀល ទៅដល់ ២ពាន់រៀល ក្នុង១គីឡូក្រាម។ ចំណែក ឪឡឹកប្រភេទពូជក្រហមវិញ អាចលក់បានត្រឹមតែ ៨រយរៀល ទៅ ១ពាន់រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។

ចំពោះទីផ្សារគោលដៅវិញ លោក ប៊ុនធឿន បញ្ជាក់ថាអតិថិជន ពិសេសម៉ូយធំៗប្រចាំចម្ការបស់លោកភាគច្រើនគឺរាជធានីភ្នំពេញ និងក្រៅពីនេះក៏មានអ្នកដែលរស់នៅតំបន់ជុំវិញស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលខ្លះទៀតផងដែរ។

ទោះជាយ៉ាងណា លោក ថង ប៊ុនធឿន អះអាងថា ដ្បិតដំណាំឪឡឹកលឿងនេះ អាចលក់បានក្នុងតម្លៃល្អក៏ពិតមែន ប៉ុន្តែវាគ្រាន់តែជារបរបន្ទាប់បន្សំនៅពេលដែលលោកទំនេរពីការងាររាជការ ទើបលោកឆ្លៀតដាំវាបន្ថែមដើម្បីគ្រាន់បានចំណូលបន្ថែមគ្រាន់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។

ចម្ការឪឡឹករបស់លោក ថង ប៊ុនធឿន មានផ្ទៃដីដំាដុះប្រមាណជាង១ហិកតា ដែលជាមធ្យមក្នុង១សប្ដាហ៍ កសិកររូបនេះអាចប្រមូលផលបានជិត២តោន។ បច្ចុប្បន្នមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួរឱ្យដឹងថា ដំណាំឪឡឹកលឿង គឺជាប្រភេទផ្លែឈើដែលមានសាច់ពណ៌លឿង រសជាតិផ្អែមស្រាលដូចទឹកឃ្មុំ និងមានផ្ទុកវីតាមីន A និង C ខ្ពស់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងជួយពង្រឹងសុខភាពបេះដូងបានមួយកម្រិតទៀតផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម