ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បើកប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ជំរុញផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ជាតិ
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ជាតិ សមាគមសិល្បករខ្មែរ បានប្រកាសរៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ដោយអញ្ជើញសាធារណជនទូទៅ ជាពិសេសយុវជន សិស្សនិស្សិត និងអ្នកស្រលាញ់ការផលិតមាតិកា ចូលរួមបង្ហាញស្នាដៃច្នៃប្រឌិតរបស់ខ្លួន។ ចំណែកឯការទទួលស្នាដៃវីដេអូ នឹងបញ្ចប់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណងលើកស្ទួយការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងរបៀបរស់នៅតាមតំបន់នានា ក្នុងភូមិស្រុករបស់បេក្ខជន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
កម្មវិធីប្រកួតវីដេអូខ្លីនេះ បើកឱកាសឲ្យសាធារណជនទូទៅចូលរួម មិនថាជាបុគ្គល ក្រុម ឬសហគមន៍ឡើយ ដោយមានគោលបំណងលើកទឹកចិត្តការច្នៃប្រឌិត និងការចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ។ ស្នាដៃវីដេអូដែលដាក់ប្រកួត ត្រូវមានរយៈពេលមិនលើសពី ១នាទី និងត្រូវបន្ថែមអក្សររត់ (Subtitles) ជាភាសាអង់គ្លេស ដើម្បីអាចឱ្យទស្សនិកជនអន្តរជាតិយល់បានកាន់តែងាយស្រួល។
ក្នុងការផលិតវីដេអូ បេក្ខភាពត្រូវចៀសវាងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយមាតិកាត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ដោយមិនបង្ហាញឬប៉ះពាល់ដល់នយោបាយ ជំនឿសាសនា ឬស្ថាប័នព្រះមហាក្សត្រ។ វីដេអូដែលបានថត ត្រូវបង្ហោះលើគណនី Facebook ផ្ទាល់ខ្លួន ដោយភ្ជាប់ Tag ទៅកាន់ទំព័រផ្លូវការរបស់សមាគមសិល្បករខ្មែរ និងដាក់ Hashtag #លេងសង្រ្កាន្តមកលេងស្រុកខ្ញុំ #VisitSangkranta និង #VisitMyHometown។
បន្ថែមពីនេះ បេក្ខភាពនីមួយៗត្រូវផ្ញើ Link វីដេអូដែលបានបង្ហោះ ព្រមទាំង File វីដេអូដើម មកកាន់ Telegram ផ្លូវការរបស់សមាគម ដើម្បីធានាបាននូវការចូលរួមត្រឹមត្រូវតាមលក្ខន្តិកៈ។ ការទទួលស្នាដៃវីដេអូ នឹងបញ្ចប់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ហើយលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីការវិនិច្ឆ័យយ៉ាងយុត្តិធម៌ និងត្រឹមត្រូវពីគណៈកម្មការ។ ក្នុងនោះ ក៏មានការផ្តល់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី (៥រង្វាន់) ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរស័ព្ទ៖ ០៩៥ ៨២៧ ៨២៧ ។
កម្មវិធីនេះគឺជាឱកាសល្អសម្រាប់យុវជន និងអ្នកស្នេហាសិល្បៈក្នុងការបង្ហាញសមត្ថភាព ក៏ដូចជារួមចំណែកលើកស្ទួយភាពរុងរឿងនៃវប្បធម៌ និងទេសចរណ៍កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


