Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយជូនអ្នកធាក់ស៊ីក្លូជិត ៤០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្តល់អំណោយជូនប្រមាណជិត ៤០០នាក់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

អំណោយដែលបានចែកជូន រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតផ្ទាល់ ដើម្បីចូលរួមចែករំលែកសេចក្តីស្រលាញ់ និងលើកទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដែលបានចូលរួមថែរក្សាវប្បធម៌ដឹកជញ្ជូនបុរាណមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសមាជិកសមាគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឱ្យមានសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា ។

លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១ ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២ ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់អ្នកធ្លាក់ស៊ីក្លូ និងទី៣ ការលើកទឹកចិត្តឱ្យយុវជនចូលរួមធ្វើសកម្មភាពសប្បុរសធម៌ក្នុងសង្គម។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់កូនចៅសមាជិកសមាគម តាមរយៈកម្មវិធីអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ថ្លែងអំណរគុណផងដែរដល់សប្បុរសជន សមាជិកសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានឧបត្ថម្ភទ្រព្យធនសម្រាប់ចែកជូនក្នុងកម្មវិធីថ្ងៃនេះ។ ពិសេស លោកតា លោកអ៊ំ លោកពូ ជាអ្នកធ្លាក់សុីក្លូ ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រលាញ់ខ្មែរ។

ពលរដ្ឋដែលជាអ្នកធាក់ស៊ីក្លូ បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្ដល់ថវិកាសម្រាប់អាហារប្រចាំថ្ងៃ និងឧបត្ថម្ភសម្ភារផ្សេងៗជាបន្តបន្ទាប់ ជាពិសេសក្នុងពិធីបុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

គួររំលឹកថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។ បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសាររបស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូយ៉ាងទៀងទាត់ផងដែរ។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកសរុប ៣៨៣នាក់ ដែលកំពុងប្រកបរបរធាក់ស៊ីក្លូ ហើយតែងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ទាំងផ្នែកថវិកា សម្ភារៈ សុខាភិបាល និងការជួសជុលថែទាំស៊ីក្លូជាបន្តបន្ទាប់។ ក្នុងនោះ សមាជិកចាស់ ២៨៥នាក់ និងសមាជិកបញ្ចូលថ្មី ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៩៨នាក់ ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម