Connect with us

ព័ត៌មានអន្ដរជាតិ

ហេសបូឡា​ ប្តេជ្ញាការ​ពារទឹកដី​ មិន​ឲ្យ​​អ៊ីស្រាអែល​ រំលោភ ខណៈភាគីទំាងពី​ចោទ​គ្នា «រំលោភបទ​ឈប់បាញ់​»​

បានផុស

នៅ

​ក្រុម​​សកម្មប្រយុទ្ធ​​ហេសបូឡា​​មាន​មូលដ្ឋាន​នៅ​ប្រទេសលីបង់​ បានច្រានចោលការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលថា ក្រុមនេះកំពុងធ្វើឲ្យ​បទ​ឈប់បាញ់នៅលីបង់ ធ្លាក់ចូល​ទៅ​ក្នុងគ្រោះថ្នាក់ ហើយបានបញ្ជាក់ថា ពួក​គេ​នឹងបន្ត​​សង​សឹក​​នឹងអ្វីដែលហៅថា ជា «ការរំលោភបំពានរបស់អ៊ីស្រាអែល និងការកាន់កាប់ទឹកដីភាគខាងត្បូងនៃប្រទេសលីបង់»​។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៦។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡា បានលើកឡើងថា ការវាយប្រហាររបស់ខ្លួនលើគោលដៅនានារបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែល គឺជា ការឆ្លើយតបស្របច្បាប់ទៅនឹងការរំលោភបំពានជាបន្តបន្ទាប់របស់សត្រូវ លើកិច្ចព្រមព្រៀងឈប់បាញ់ ចាប់តាំងពីថ្ងៃដំបូងនៃការប្រកាសបទឈប់បាញ់បណ្ដោះអាសន្នមក។

ក្រុមហេសបូឡាបានអះអាងយ៉ាងច្បាស់ និងម៉ឺងម៉ាត់ថា ការបន្តរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់របស់សត្រូវ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការបន្តកាន់កាប់ទឹកដីលីបង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន នឹងត្រូវជួបជាមួយនឹងការឆ្លើយតប និងការតស៊ូមួយដែលត្រៀមខ្លួនជាស្រេចដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួន នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេវាយប្រហារតែលើគោលដៅណាដែលជាការគំរាមកំហែងផ្ទាល់ដល់កងកម្លាំងរបស់ខ្លួន និងទឹកដីរបស់ប្រទេសខ្លួនតែប៉ុណ្ណោះ។ យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីស្រាអែលមិនត្រូវបានតម្រូវឲ្យដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ភ្លាមៗនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម