Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារ​បំណុល​វ័ណ្ឌក រដ្ឋាភិបាល​ស្រីលង្កា ប្រកាស​លក់​ព្រលានយន្តអន្តរជាតិ​

បានផុស

នៅ

រដ្ឋាភិបាលប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ ទី​២៦ ខែមេសា​ ឆ្នាំ​២០២៦ បានសម្រេចចិត្តប្រកាសស្វែងរកអ្នកវិនិយោគជាបន្ទាន់ ដើម្បី​គ្រប់គ្រង និងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ដែលកំពុងតែជួបវិបត្តិខាតបង់យ៉ាងខ្លាំង។

ព្រលាន Mattala Rajapaksa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន CNA ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគម្រោងជួលរយៈពេល ៣០ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុនចម្រុះរវាងឥណ្ឌា និងរុស្ស៊ី បានទទួលបរាជ័យ និងមិនអាចដំណើរការទៅមុខបានកាលពីពេលថ្មីៗ។

ព្រលានយន្តហោះមួយនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះស្រីលង្កា ក្បែរតំបន់អភិរក្សសត្វព្រៃ។ ចាប់តាំងពីបើកសម្ពោធក្នុងឆ្នាំ២០១៣មក ព្រលានយន្តហោះនេះ ហាក់ដូចជា «ព្រលានយន្តហោះខ្មោច» អ៊ីចឹង ព្រោះមិនមានជើងហោះហើរទៀងទាត់ឡើយ ហើយចំណូលដែលទទួលបានសូម្បីតែបង់ថ្លៃអគ្គិសនីក៏មិនគ្រាន់ផង ដែលបង្កជាបន្ទុកដ៏ធ្ងន់សម្រាប់ថវិកាជាតិ។

បញ្ហាកាន់តែស្មុគស្មាញនោះគឺ ទីតាំងព្រលានយន្តហោះនេះ ស្ថិតចំផ្លូវហោះហើររបស់សត្វស្លាប ដែលធ្លាប់បង្កឲ្យ​មានគ្រោះថ្នាក់បុកជាមួយយន្តហោះជាច្រើនលើក។ សូម្បីតែកងទ័ពស្រីលង្កា ក៏ធ្លាប់ត្រូវបានដាក់ពង្រាយរាប់រយនាក់ ដើម្បីដេញសត្វក្តាន់ ក្របីព្រៃ និងហ្វូងដំរីចេញពីផ្លូវរត់យន្តហោះ ដើម្បីឲ្យយន្តហោះអាចចុះចតបានផងដែរ។

ព្រលានយន្តហោះ Mattala គឺជាមរតកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អតីតប្រធានាធិបតី Mahinda Rajapaksa ដែលបានខ្ចីបុលពីចិនយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យ​ប្រទេសស្រីលង្កាធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងឈានដល់ការអត់សមត្ថភាពសងបំណុលបរទេស ក្នុងឆ្នាំ២០២២។ ដោយសារតែជំពាក់បំណុលចិនវ័ណ្ឌកបែបនេះហើយ ទើបកាលពីឆ្នាំ២០១៧ ស្រីលង្កាបង្ខំចិត្តប្រគល់កំពង់ផែ Hambantota ដែលនៅក្បែរនោះឲ្យចិនគ្រប់គ្រងរយៈពេល ៩៩ឆ្នាំ ដើម្បីដោះបំណុល។

ទោះបីជាជួបបរាជ័យជាបន្តបន្ទាប់ក៏ដោយ រដ្ឋាភិបាលស្រីលង្កានៅតែព្យាយាមអំពាវនាវដល់អ្នកមានលុយ និងអ្នកវិនិយោគឲ្យមកមើលសក្តានុពលនៃតំបន់នេះ ដោយសង្ឃឹមថាអាចប្រែក្លាយវាទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ឬជាមជ្ឈមណ្ឌលវិនិយោគយុទ្ធសាស្ត្រនៅថ្ងៃអនាគត ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដុនដាបឡើងវិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម