ព័ត៌មានអន្ដរជាតិ
មនុស្សជិត១០០០នាក់ស្លាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ព្រោះទឹកជំនន់ និងបំណាក់ដី
ទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិចថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងតិច៩៥៤នាក់ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ថៃ និងម៉ាឡេស៊ី ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់សហគមន៍ដាច់ស្រយាល។ នេះបើយោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥។

នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោកប្រធានាធិបតី Prabowo Subianto បានបំពេញទស្សនកិច្ចនៅកោះស៊ូម៉ាត្រាខាងជើង ហើយបាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺ«ការបញ្ជូនជំនួយចាំបាច់ជាបន្ទាន់» ដោយមានឧទ្ធម្ភាគចក្រ និងយន្តហោះត្រូវបានដាក់ពង្រាយដើម្បីទៅដល់ភូមិដែលត្រូវបានកាត់ផ្តាច់។ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាមនុស្សយ៉ាងហោចណាស់៤៤២នាក់ស្លាប់ ខណៈដែលមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ដែលជំរុញឲ្យមានការអំពាវនាវឲ្យលោក Prabowo ប្រកាសភាពអាសន្នថ្នាក់ជាតិកាន់តែខ្លាំងឡើង។ ទីក្រុងហ្សាកាតាបានបញ្ជូននាវាពេទ្យចំនួនពីរ និងនាវាកងទ័ពជើងទឹកចំនួនបី ដែលដឹកសម្ភារៈទៅកាន់តំបន់ដែលផ្លូវនៅតែមិនអាចឆ្លងកាត់បាន។
នៅក្នុងប្រទេសស្រីលង្កា ដែលមនុស្សយ៉ាងហោចណាស់៣៣៤នាក់ត្រូវបានសម្លាប់ដោយព្យុះស៊ីក្លូន Ditwah លោកប្រធានាធិបតី Anura Kumara Dissanayake បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងអំពាវនាវរកជំនួយអន្តរជាតិ។ ឧទ្ធម្ភាគចក្រយោធាបានដឹកជញ្ជូនសម្ភារៈទៅកាន់អ្នកស្រុកដែលជាប់គាំង ទោះបីជាភីឡុតម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ អំឡុងពេលចុះចតជាបន្ទាន់នៅភាគខាងជើងទីក្រុង Colombo ក៏ដោយ។

ប្រទេសថៃ បានរាយការណ៍ថាមានមនុស្ស១៧៦នាក់បាត់បង់ជីវិត ដោយសារទឹកជំនន់ដែលកំពុងបន្តនៅភាគខាងត្បូង ដែលអាជ្ញាធរបានរងការរិះគន់ចំពោះការឆ្លើយតបរបស់ពួកគេ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មន្ត្រីមូលដ្ឋានពីរនាក់ត្រូវបានព្យួរការងារ។ នៅក្នុងប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាង ទឹកជំនន់នៅរដ្ឋ Perlis ក៏បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ផងដែរ។
ការបំផ្លិចបំផ្លាញចុងក្រោយនេះ កើតឡើងបន្ទាប់ពីអាកាសធាតុដ៏អាក្រក់ជាច្រើនសប្តាហ៍នៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងព្យុះទីហ្វុងបន្តបន្ទាប់គ្នា ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីខែមុន ដោយបានសម្លាប់មនុស្សយ៉ាងតិច២៤២នាក់។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនព្យុះនៅទូទាំងតំបន់ ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះមហន្តរាយញឹកញាប់ជាងមុន៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


