Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រុម​ Hackers ជ្រៀតចូលប្រព័ន្ធក្រសួងហិរញ្ញវត្ថុស្រីលង្កា លួច​លុយ​ជាង ២,៥ លានដុល្លារដែល​ត្រៀម​​សងបំណុល​ទៅអូស្រ្តាលី​

បានផុស

នៅ

រដ្ឋាភិបាលស្រីលង្កា បានប្រកាសកាលពីថ្ងៃទី២៣ ខែមេសាថា ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Cybercriminals) បានវាយប្រហារចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងហិរញ្ញវត្ថុរបស់​​ប្រទេស​នេះ​ និងបានលួចបន្លំដកប្រាក់អស់ចំនួន ២,៥ លាន​ដុល្លារអាមេរិក ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន ដែលត្រូវបានក្រុម Hacker លួចពីស្ថាប័នរដ្ឋនៅក្នុងប្រទេសដែលកំពុងជាប់បំណុលវ័ន្តកមួយនេះ។


រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារ AFP ការវាយប្រហារតាមអ៊ីនធឺណិតនេះគឺជាការវាយលុកដ៏ធំមួយចំពោះប្រទេសស្រីលង្កា ដែលកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅឆ្នាំ ២០២២ បន្ទាប់ពីទីក្រុង Colombo បានខកខានសងបំណុលខាងក្រៅចំនួន ៤៦ ពាន់លានដុល្លារអាមេរិក។

បើតាមលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Harshana Suriyapperuma បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីថា «ប្រាក់នេះត្រូវបានកំណត់ថា ជាការសងបំណុលទៅឲ្យប្រទេសអូស្ត្រាលី។ យ៉ាងណា មន្ត្រីជាន់ខ្ពស់ចំនួនបួននាក់នៅការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ត្រូវបានព្យួរ​ការងារ​បណ្តោះអាសន្ន​ បន្ទាប់ពីការលួចចូលនេះ»។

លោក Suriyapperuma បាន​អះអាង​ថា អ្នកស៊ើបអង្កេតព្រហ្មទណ្ឌកំពុងស៊ើបអង្កេតរឿងនេះ ហើយយើងមិនស្ថិតក្នុងជំហរដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ បច្ចប្បន្នអាជ្ញាធរស្រីលង្កា កំពុងស្វែងរកជំនួយពីភ្នាក់ងារអនុវត្តច្បាប់បរទេស។

ជាក់ស្ដែង ការវាយប្រហារនេះបានកើតឡើងនៅពេលដែលធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបានចាប់ផ្តើមការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងកាសែតក្នុងស្រុកកាលពីដើមឆ្នាំនេះ ដោយព្រមានប្រជាជនស្រីលង្កាកុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិត។

សូមបញ្ចាក់ដែរថា ស្រីលង្កាបានបង្កើតការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) នាដើមឆ្នាំនេះ ស្របតាមលក្ខខណ្ឌនៃកញ្ចប់ថវិកាសង្គ្រោះចំនួន ២.៩ ពាន់លានដុល្លារ គាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាំងពីដើមឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសដីកោះមួយនេះបានជួបប្រទះនូវវិបត្តិដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម