Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានលើការបង្ការទប់ស្កាត់ផលប៉ះពាល់ពីការរៀបការនៅវ័យក្មេង

បានផុស

នៅ

ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានរៀបចំសិក្ខាសាលាក្នុងការបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមានជាអធិបតីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នាថ្ងៃនេះ គឺមានបំណងការពង្រីកវិសាលភាពក្នុងការជួយផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍ទាំងនៅវ័យក្មេង ដោយការចូលរួមជួយតស៊ូមតិ និងការផ្តល់សំឡេងដល់ជនរងគ្រោះ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល។

តាមការបញ្ជាក់របស់លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងការងារពាក់ព័ន្ធស្ត្រី និងក្មេងស្រី នៃក្រសួងព័ត៌មាន សិក្ខាសាលានេះ គឺជាការរួមគ្នាដើម្បីតម្រង់ទិសដល់ក្មេងស្រី និងស្ត្រីជាមន្ត្រីរាជការ ក៏ដូចជាអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។

លោកស្រី ថា អ្នកសារព័ត៌មាន ដែលជាសិក្ខាកាម គឺជាទ័ពស្រួចក្នុងការសរសេរអត្ថបទ ផលិតមាតិកា ដើម្បីអប់រំ ផ្ដល់ព័ត៌មានត្រឹមត្រូវដល់មាតាបិតា យុវជន ដែលនៅតំបន់ដាច់ស្រយាល ក្នុងការនាំសារបង្ការទប់ស្កាត់ដ៏មានប្រសិទ្ធភាពបំផុត។

នៅក្នុងពិធីបើកសិក្ខាសាលានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងចាត់ទុកប្រធានបទនេះ ថា ពិតជាមានសារសំខាន់សម្រាប់កម្ពុជា ក្នុងការការពារសិទ្ធិ សេចក្ដីថ្លៃថ្នូរ អប់រំ សុវត្ថិភាព និងអនាគតរបស់ក្មេងស្រី មនុស្សវ័យជំទង់ ក្រុមគ្រួសារ សហគមន៍ និងធនធានមនុស្ស។ លោករដ្ឋមន្ត្រីថា ការងារនេះមិនមែនជាភារកិច្ចផ្ដាច់មុខរបស់វិស័យណាមួយឡើយ ក៏ប៉ុន្តេជាបេសកកមម្មរួមដែលរាជរដ្ឋាភិបាល ស្ថាប័នសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ សាលារៀន សហគមន៍ អង្គការដៃគូ វិស័យឯកជន និងសង្គមទាំងមូល។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាបញ្ហាឯកជនរបស់គ្រួសារមួយទេ តែវាជាបញ្ហាសិទ្ធិមនុស្ស សុខភាពសាធារណៈ ការអប់រំ សេដ្ឋកិច្ច សមភាពយេនឌ័រ និងអនាគតធនធានមនុស្សរបស់ជាតិ។ បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅក្នុងពិភពលោក មានក្មេងស្រីប្រមាណ ៦៤០លាននាក់ បានរៀបអាពាហ៍ពិពាហ៍ទាំងនៅវ័យក្មេង ហើយសម្រាប់ក្នុងប្រទេសកម្ពុជា យោងតាមរបាយការណ៍ ឆ្នាំ២០០១-២០២២ មានស្ត្រីប្រមាណ១,៨% គឺបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៥ឆ្នាំ និង១៧,១៩% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម