ព័ត៌មានអន្ដរជាតិ
ប្រទេសមាននុយក្លេអ៊ែរទាំង៩ បានចំណាយកើនឡើងយ៉ាងខ្លាំងលើអាវុធនុក្លេអ៊ែរ ក្នុងឆ្នាំមុន
ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ បានបង្កើនការចំណាយរបស់ពួកគេលើកម្មវិធីអាវុធបរមាណូដល់ទៅមួយភាគប្រាំ ដល់ជិត ១១៩ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយមានគម្រោងបង្កើនការវិនិយោគអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នេះបើយោងតាមអ្នកធ្វើយុទ្ធនាការលើកឡើងកាលពីថ្ងៃអង្គារ និងចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍ថ្មីមួយពីយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) រដ្ឋដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ លើពិភពលោក បានបង្កើនការចំណាយរបស់ពួកគេលើឃ្លាំងអាវុធ ជិត ១៧ប៊ីលានដុល្លារ កាលពីឆ្នាំមុន។

របាយការណ៍ ICAN ព្រមានថា៖ « ពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មីមួយកំពុងកើតមាន ដែលអ្នករំលោភបំពានកំពុងរៀបចំឡើង បន្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»។
លោកស្រី Susi Snyder នាយិកាកម្មវិធីរបស់ ICAN និងជាសហអ្នកនិពន្ធរបាយការណ៍ និយាយថា៖ « ការកើនឡើងនេះ រួមជាមួយនឹងការភ័យខ្លាចថា បញ្ញាសិប្បនិម្មិត(AI) អាចបង្កើនហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។
លោកស្រី ប្រាប់ AFP ថា៖ «និយាយឱ្យត្រង់ទៅ ខ្ញុំភ័យខ្លាចណាស់»។
ការសិក្សានោះ បង្ហាញថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំងអស់ មាន ចក្រភពអង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៊ី និងសហរដ្ឋអាមេរិក បានបង្កើនការចំណាយរបស់ពួកគេកាលពីឆ្នាំមុន។
របាយការណ៍ដដែល បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បានចំណាយខ្ពស់ជាងប្រទេសដទៃទៀតទាំងអស់រួមបញ្ចូលគ្នា ដោយចំណាយចំនួន ៦៩.២ប៊ីលានដុល្លារលើអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥ កើនឡើង ១២.៤ប៊ីលានដុល្លារកាលពីមួយឆ្នាំមុន។
ដោយឡែក ប្រទេសចិន ត្រូវគេប៉ាន់ប្រមាណថាបានចំណាយប្រាក់ចំនួន ១៣.៥ពាន់លានដុល្លារកាលពីឆ្នាំមុន បន្ទាប់មកចក្រភពអង់គ្លេស ១២.៦ប៊ីលាន និងរុស្ស៊ី ៩.៥ប៊ីលាន។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ICAN ជាស្ថាប័នឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៧ រកឃើញថាប្រទេសទាំង៩ បានចំណាយប្រាក់ជាង ៤៧០ប៊ីលានដុល្លារលើឃ្លាំងអាវុធរបស់ពួកគេ។ ការវិនិយោគទាំងនោះត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលអនាគត។
ការចំណាយលើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍រវាងឆ្នាំ ២០២៥ និង ២០៣៤ ត្រូវបានព្យាករថាមានចំនួនជិត ១ទ្រីលានដុល្លារ។
អ្នកស្រាវជ្រាវនិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលកំពុងចំណាយគឺពិតជាគួរឱ្យភ្ញាក់ផ្អើល ជាពិសេសពេលប្រព័ន្ធមនុស្សធម៌សកលកំពុងរងផលប៉ះពាល់ពីការកាត់បន្ថយថវិកាយ៉ាងខ្លាំង។
លោកស្រី Snyder ចង្អុលបង្ហាញថា៖ « ទឹកប្រាក់ដែលប្រទេសទាំងនោះបានចំណាយក្នុងឆ្នាំ២០២៥ អាចចំណាយលើថវិកាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិរយៈពេល ៣២ឆ្នាំ។ ការចំណាយលើអាវុធនុយក្លេអ៊ែរតែមួយថ្ងៃ កាលពីឆ្នាំមុនអាចផ្តល់សន្តិសុខស្បៀងដល់មនុស្សជាងពីរលាននាក់»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


