Connect with us

ព័ត៌មានជាតិ

បុរស០២នាក់ដឹកនាំធើ្វបាតុកម្ម នៅមុខធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធធនាគារហួយវ័ន ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន

បានផុស

នៅ

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព៍ត៌មាន បញ្ជាក់អំពីចំណាត់ការសំណុំរឿង ពាក់ព័ន្ធបុរស២នាក់ ដែលកៀរគរមនុស្សមកធ្វើបាតុកម្ម នៅមុខធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធធនាគារហួយវ័ន នឹងករណី ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ២៣៩៧ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទាក់ទិននឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទមានខ្លួនចំនួន២នាក់គឺ១៖ ឈ្មោះ សួន សុវណ្ណថៃ អាយុ៣៧ឆ្នាំ និង២៖ ឈ្មោះ វ៉ាត មករា អាយុ៣៦ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ» ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងខែមេសា និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីអំឡុងខែមេសា និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ នៅចំណុចមុខធនាគារជាតិនៃកម្ពុជា តាមបណ្ដោយផ្លូវហាណូយ ក្រុមបុគ្គលឈ្មោះ សួន សុវណ្ណថៃ និងឈ្មោះ វ៉ាត មករា ព្រមទាំងបក្ខពួក បានរៀបចំផែនការទុច្ចរិតដោយបង្កើតក្រុមតេឡេក្រាមឈ្មោះ អតិថិជនរងគ្រោះហួយវ័នម(HUIONE) មានសមាជិកចំនួន១២០០នាក់ ដើម្បីប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ ដោយជួលកម្មករប្រហែល៥០នាក់ ក្នុងម្នាក់ៗ ទទួលបានប្រាក់ឈ្នួលចំនួន២៥០០០រៀល ឱ្យធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋ ឱ្យចូលរួមធ្វើបាតុកម្មខុសច្បាប់, ធ្វើការតវ៉ៅស្រែកឡូឡា នៅលើទ្រូងផ្លូវ និងបិទផ្លូវប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជួលសារព័ត៌មានប្រហែល១០ស្ថាប័ន ក្នុងមួយស្ថាប័នទទួលប្រាក់ចំនួន១០ម៉ឺនរៀលដើម្បីជួយផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រុមខ្លួន។

សកម្មភាពរបស់ក្រុមបុគ្គលខាងលើនេះ គឺជាអំពើបង្កអសន្តិសុខនិងភាពវឹកវរដល់សង្គម ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ។

បុគ្គលឈ្មោះ សួន សុវណ្ណថៃ និងឈ្មោះ វ៉ាត មករា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទឈ្មោះ សួន សុវណ្ណថៃ និងឈ្មោះ វ៉ាត មករា និងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទទាំង២នាក់នេះ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះសកម្មភាពដែលមានចរិកលក្ខណៈញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម