Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ កម្ពុជាធ្លាក់ចូលវិបត្តិនៃទំនុកចិត្តធ្ងន់ធ្ងរបំផុត

បានផុស

នៅ

នៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រីក៏ចុះទៅពិនិត្យទាំងយប់ តែមិនមិនបានធ្វើការទាំងយប់នោះទេ។ លុះព្រឹកឡើងការពិនិត្យបានចាប់ផ្ដើម, ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាស​និងកំពង់ចាម»។ មានបងប្អូនខ្លះលើកឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាធុរេនខ្មែរមែន គាត់សុខចិត្តកាត់ដៃគាត់ចោលមួយចំហៀង, រឿងនេះពិតជាធ្ងន់ធ្ងរណាស់ ហើយក៏វាបញ្ជាក់ថា សង្គមយើងកំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត។ មនុស្សក្នុងសង្គមនេះលែងជឿជាក់លើគ្នាទៅវិញទៅមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិបត្តិនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។

នៅពេលដែលរាស្ត្រនៅតែសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុហកថ្ពិនភ្នែកនិងឃុបឃិតជាមួយឈ្មួញ​ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកនយោបាយមានចរិតក្រឡេចក្រឡុចនិយាយឱ្យតែពិរោះស្ដាប់ វានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ហើយឈ្មួញលែងស្គាល់បុណ្យបាប រីឯអ្នកនយោបាយខ្វល់តែសន្លឹកឆ្លោតនិងលាភសក្ការៈ។ ជាលទ្ធផល ទោះបីជាអ្នកនយោបាយ មន្ត្រី ឬឈ្មួញ និយាយការពិត ក៏គ្មាននរណាជឿដែរ។ ក្នុងសង្គមដែលសីលធម៌ គុណធម៌ និងសច្ចធម៌ ត្រូវបានគេបោះបង់ចោល មនុស្សនឹងរស់នៅដោយមន្ទិលសង្ស័យលើគ្នាជានិច្ច។ រាល់សកម្មភាពដែលមន្ត្រីឬអ្នកនយោបាយបង្ហាញដល់រាស្ត្រ នឹងត្រូវគេចាត់ទុកថាជា​ការសម្ដែង​ទាំងអស់ គ្មានឡើយនូវភាពបរិសុទ្ធដែលចេញពីបេះដូងពិតប្រាកដ។

គ្រាន់តែរឿង «ទុរេន» ប៉ុណ្ណឹង យើង​មិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?

ក្នុងនាមយើងជាខ្មែរទាំងអស់គ្នា, ទាំងរាស្ត្រ ទាំងឈ្មួញ ទាំងមន្ត្រី និងទាំងអ្នកនយោបាយ សូមឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់ខ្មែរគ្នាឯងទៀតទៅ, ឈប់សម្ដែងទៀតទៅ ហើយចាប់ផ្ដើមរួមគ្នាកសាង​ទំនុកចិត្ត​គ្នាឡើងវិញ ដើម្បីភាពរឹងមាំនិងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិយើង៕

ដោយ៖បណ្ឌិត គិន ភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម