Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ជំហរកម្ពុជាលើបញ្ហាតៃវ៉ាន់ បង្ហាញពីគោលនយោបាយការបរទេសឥតងាករេរបស់កម្ពុជាចំពោះចិន

បានផុស

នៅ

កម្ពុជាប្រកាសជំហររបស់ខ្លួនជាថ្មីចំពោះការគាំទ្រចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយប្រកាន់យកនូវគោលនយោបាយចិនមួយ ហើយប្រឆាំងនឹងឯករាជ្យរបស់ដែនកោះមួយនេះដែលចង់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ជំហរកម្ពុជាលើបញ្ហាតៃវ៉ាន់បែបនេះត្រូវបានលោកបណ្ឌិត គិន ភា មើលឃើញថា ជាការបង្ហាញពីគោលនយោបាយការបរទេសឥតងាករេរបស់កម្ពុជាចំពោះចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត គិន ភា លើកឡើងថា ជំហរកម្ពុជាពេលនេះ នឹងធ្វើឱ្យចិនមានភាពជាក់លាក់ ហើយជម្រះមន្ទិលសង្ស័យចំពោះកម្ពុជា ជុំវិញបញ្ហាកោះតៃវ៉ាន់ ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូកំពុងបង្កឱ្យមានជម្លោះការទូតដ៏តានតឹងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងលើបញ្ហានេះ ត្បិតកន្លងមក លោក ថា ចិនហាក់ដូចជាមានការសង្ស័យចំពោះជំហរការទូតកម្ពុជាចំពោះប្រទេសចិន។

បណ្ឌិតរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាតៃវ៉ាន់ គឺជារឿងមួយអាចវាស់វែងអំពីខ្សែបន្ទាត់គោលនយោបាយការបរទេសកម្ពុជាចំពោះប្រទេសចិន ហើយនិងការគាំទ្រគោលនយោបាយចិនមួយរបស់កម្ពុជា»។ បញ្ហាតៃវ៉ាន់ សម្រាប់បណ្ឌិត គិន ភា គឺបានក្លាយជាបន្ទាត់ក្រហមរបស់ចិនទៅហើយ ដែលចិននឹងមិនអនុញ្ញាតឱ្យមានការរំលោភពីភាគីណាមួយឡើយ ហើយបើមានការឆ្លើយតបដោយយោធាលើបញ្ហាកោះតៃវ៉ាន់ ក៏កម្ពុជានឹងនៅតែរក្សាជំហរនយោបាយគាំទ្រចិន។

ការលើកឡើងរបស់អ្នកជំនាញខាងលើ ធ្វើបានបន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់សាជាថ្មីនូវជំហរកម្ពុជាពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក្រោយភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកាបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់គោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់។

បណ្ឌិត គិន ភា ថា នៅក្នុងចន្លោះមហាអំណាចទាំងពីរក្នុងតំបន់ គឺចិន និងជប៉ុន កម្ពុជាត្រូវតែបញ្ជាក់ឡើងវិញនូវក្របខណ្ឌគោលនយោបាយការបរទេស និងការគាំទ្ររបស់កម្ពុជាចំពោះនយោបាយចិនមួយ ដើម្បីបញ្ចៀសការទាញភ្ជាប់កម្ពុជាទៅនឹងបញ្ហាផ្សេងៗទៀត ជាពិសេសពាក់ព័ន្ធនឹងជំហរកម្ពុជាជុំវិញកោះតៃវ៉ាន់តែម្ដង៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម