ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ «យើងត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន»
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា «យើងត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន ការប្រមាថ និងអំពើអយុត្តិធម៌បាន»។ ការលើកឡើងនេះ គឺស្របពេលដែលប្រទេសថៃកំពុងធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកបណ្ឌិត គិន ភា បានសរសេររៀបរាប់ពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ជាពិសេសការបំភ្លៃការពិត ភូតកុហករបស់ថៃ ក្នុងគោលបំណងធ្វើឱ្យសហគមន៍អន្តរជាតិមើលមកប្រទេសកម្ពុជាក្នុងរូបភាពអាក្រក់។ ក្នុងសំណេរនោះ លោកបណ្ឌិត បានបញ្ជាក់ថា ថៃបានបង្កើតនិទានកថារឿងមីនដើម្បីជាលេសដើម្បីបើកឆាកសង្គ្រាមឈ្លានពានរបស់ខ្លូនមកលើប្រទេសកម្ពុជា ហើយបានព្យាយាមបិទបាំងសង្គ្រាមឈ្លានពានរបស់ខ្លួនដោយបង្កើតសាច់រឿងថ្មីកាឡៃសង្គ្រាមឈ្លានពានទៅជាសង្គ្រាមប្រឆាំងនឹងការឆបោកអនឡាញនៅកម្ពុជា។
លោកបណ្ឌិត បានបន្តទៀតថា ថៃខិតខំប្រឹងប្រែងបង្កើតល្បិចសព្វបែបយ៉ាង ដើម្បីបិទបាំងអំពើឈ្លានពានដ៏កំរោលរបស់ខ្លួនមកលើប្រទេសកម្ពុជាផង និងព្យាយាមបង្កើតយុត្តកម្មសង្គ្រាមឈ្លានពានរបស់ខ្លួនដើម្បីកុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសផង។ ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួន ថៃបានប្រើដ្រូនពិឃាតនិងយន្តហោះចម្បាំង F-16 ហោះចូលយ៉ាងជ្រៅចូលក្នុងទឹកដីប្រទេសកម្ពុជាដែលកន្លែងខ្លះមានជម្រៅរហូតដល់ទៅ៩០គីឡូម៉ែត្រពីព្រំដែន និងបានទម្លាក់គ្រាប់បែកតាមទំនើងចិត្តបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនស៊ីវិល ប្រាសាទបុរាណ មជ្ឈមណ្ឌលជនភៀសសឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនឥតគណនា និងបង្កឱ្យមានប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសរាប់រយនាក់ ហើយប្រជាជនស៊ីវិលជាងកន្លះលាននាក់ទៀត បានរត់ចោលផ្ទះសម្បែងក្លាយជាជនភៀសសឹក។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «អស់រយៈពេលជាយូរមកហើយ ប្រទេសកម្ពុជាត្រូវបានសៀមលាបពណ៌ សម្អុយ និងបំភ្លៃការពិតតាមរយៈសារព័ត៌មានអន្តរជាតិធំៗជាច្រើន ជាពិសេស តាមរយៈសារព័ត៌មានសៀមតែម្តង។ សៀមបានលាបពណ៌ និងសម្អុយកម្ពុជាថាជាមជ្ឈមណ្ឌលឆបោកអនឡាញ ឬ call center ប្រចាំអាស៊ីអាគ្នេយ៍»។ ចំណែក ប្រទេស និងប្រជាជនជាមួយចំនួនជឿដោយគ្មានការផ្ទៀងផ្ទាត់ថា នោះគឺជារឿងពិត ហើយគេគាំទ្រអំពីឈ្លានពានរបស់សៀមទៀតផង។
លោកបណ្ឌិតថា សម្រាប់កម្ពុជាសង្គ្រាមនេះ មិនត្រឹមតែធ្វើឡើងដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតប្រជាជនរបស់ខ្លួនទេ តែដើម្បីការពារមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ជាតិពីការសម្អុយ និងលាបពណ៌របស់របស់ថៃផងដែរ។
លោកថា «យើងកំពុងរងនូវអំពីអយុត្តិធម៌បីបួនត្រួត, គេឈ្លានពានយើង គេថាយើងរំលោភសន្ធិសញ្ញាអូតាវ៉ាដោយបានដាក់មីនថ្មី, គេឈ្លានពានយើង គេថាគេបង្រ្កាបការឆបោកអនឡាញ (online scamming), គេឈ្លានពានយើង គេថាគេការពារខ្លួនពីការគំរាមកំហែងរបស់យើង, គេឈ្លានពានយើង គេឱ្យយើងប្រកាសឈប់បាញ់ជាឯកតោភាគី, គេឈ្លានពានយើង គេឱ្យយើងប្រកាសថាយើងជាអ្នកឈ្លានពានគេ ហើយគេជាជនរងគ្រោះ ហើយបរទេសខ្លះសង្កត់កយើងទៀត»។ ដូច្នេះត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន ការប្រមាថ និងអំពើអយុត្តិធម៌បាន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


