Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹក​នាំ​អឺរ៉ុប​ភ្ញាក់​ផ្អើល ​ដែល ​ត្រាំ ដក​ទ័ព​ភ្លាមៗ​​ចេញ​ពី​អាល្លឺម៉ង់​ ខណៈ​​ស្ថានភាព​ពិភពលោកកាន់តែអាក្រក់​

បានផុស

នៅ

មេដឹក​នាំអឺរ៉ុប​ ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​សម្រេច​ចិត្ត​ភ្លាមៗ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការដកកងទ័ព​អាមេរិក​រាប់​ពាន់នាក់ចេញ​ពីប្រទេសអាល្លឺម៉ង់​ជារឿង​គួរឱ្យភ្ញាក់​ផ្អើល ប៉ុន្តែ​វា​ជា​សញ្ញាថ្មីមួយ​​បង្ហាញថា អឺរ៉ុប​ត្រូវតែ​ពង្រឹង​សមត្ថ​ភាព​​​វិស័យ​ការ​ពារ​ជាតិ​​​ផ្ទាល់​ខ្លួន។

យោង​តាម​សារព័ត៌មាន ABC ផ្សាយ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ មន្ទីរបញ្ចកោណបាន​ប្រកាសកាលពីសប្តាហ៍​មុនថា ខ្លួននឹងដកកងទ័ពប្រមាណ​ ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ​ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍​ថា៖ « យើងនឹង​កាត់​បន្ថយ​ចំនួន​កងទ័ពបន្ថែម​ទៀត! យើងនឹងកាត់បន្ថយ​ច្រើន​ជាង ៥ ០០០នាក់»។

យោធាអាមេរិក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេចចិត្តរបស់​លោក ត្រាំ កើតឡើង ចំពេលមានជម្លោះ​ពាក្យ​សម្តី​កាន់តែ​ខ្លាំង​ជាមួយ​អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និង​ការស្ទាក់ស្ទើរ​របស់សម្ព័ន្ធមិត្តអឺរ៉ុប​ក្នុងការចូលរួមក្នុង​ជម្លោះនៅមជ្ឈិមបូព៌ា​​។

ពេលសួរ​​ពីការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ន័រ​វេស​ លោក Jonas Gahr Støre លើក​ឡើង​ថា៖ « ខ្ញុំមិននិយាយបំផ្លើស​ទេ ​ព្រោះ​ខ្ញុំរំពឹងថាអឺរ៉ុប​នឹង​ទទួល​បន្ទុកផ្នែក​សន្តិសុខ​ផ្ទាល់​ខ្លួន​កាន់​តែ​ខ្លាំង​»។

លោក​ប្រាប់អ្នកយកព័ត៌មាននៅ​ទីក្រុង Yerevan​ ប្រទេសអាមេនី​ ថា៖ « ខ្ញុំមើល​​មិន​ឃើញ​តួលេខទាំងនោះ​គួរឱ្យភ្ញាក់ផ្អើល​ទេ ប៉ុន្តែខ្ញុំ​គិត​ថា ​រឿង​នេះ​គួរតែត្រូវបានដោះស្រាយតាម​របៀប​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការណាតូ»។

ដោយ​ឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា៖ « ខ្ញុំគ្មាន​ការសង្ស័យទេ​ ព្រោះ​វា​ចាំបាច់​ត្រូវមានធាតុ​ផ្សំ​​អឺរ៉ុប​ដ៏រឹងមាំមួយ​នៅ​ក្នុងអង្គការណាតូ។ […] ​វា​​ជា​រឿង​សារៈសំខាន់​ខ្លាំង​ណាស់​​ដែល​យើង​ត្រូវប្រឈមមុខនឹង​រឿងនេះ[អឺរ៉ុប​ត្រូវ​រឹង​មាំ​ខ្លួន​ឯង​]»។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធានគោលនយោបាយ​ការបរទេស​របស់សហ​ភាពអឺរ៉ុប លោកស្រី Kaja Kallas ថា៖ « វាមានការពិភាក្សា​អំពីការដក​កងទ័ពអាមេរិក​ចេញពីអឺរ៉ុបយូរមកហើយ។ ប៉ុន្តែ​ជា​ការ​ពិត! ពេលវេលា​នៃការប្រកាសនេះបានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើល»។

លោកស្រីបន្ថែម​ថា៖ « ខ្ញុំគិតថា​បញ្ហានេះ​បង្ហាញ​​ថា យើងត្រូវតែពង្រឹង​សសរស្តម្ភ​អឺរ៉ុបនៅ​ក្នុង​អង្គការណាតូ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម