Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជំរុញ​ឲ្យ ចិន ជួយនិយាយជាមួយអ៊ីរ៉ង់ រឿងបើកច្រកសមុទ្រហ័រមូស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ បានចេញមុខជំរុញ​ឲ្យ​ប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូល​ឲ្យ​​អ៊ីរ៉ង់ព្រមបើកច្រកសមុទ្រ​ហ័រមូស​​ឡើងវិញ សម្រាប់នាវាដឹកជញ្ជូនអន្តរជាតិ។

លោក Scott Bessent (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ដក​ស្រង់​សម្ដី​​លោក Bessent ដែល​បញ្ជាក់ថា បញ្ហាដ៏ក្ដៅគគុកនេះ នឹងក្លាយជាប្រធានបទសំខាន់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនពីង ត្រូវលើកយកមកជជែកគ្នា ក្នុងជំនួបកំពូលនាពាក់កណ្ដាលខែ​ឧសភា នេះ។

លោក Bessent បានរំលឹកថា ចិនគឺជាអ្នកទិញថាមពលដ៏ធំបំផុតពីអ៊ីរ៉ង់ ពោលគឺរហូតដល់ទៅ ៩០% ឯណោះ ដែលលោកចាត់ទុកថា ទង្វើនេះប្រៀបដូចជា ការផ្ដល់កម្លាំងចិត្ត និងថវិកាដល់ប្រទេស ដែលគាំទ្រអំពើភេរវកម្ម។ ហេតុដូច្នេះហើយ លោកចង់ឃើញចិនបង្ហាញឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាមិត្តភក្តិជិតស្និទ្ធ ដើម្បីជួយសម្របសម្រួលឲ្យ​ស្ថានភាព នៅច្រកសមុទ្រនោះត្រឡប់មកធម្មតាវិញ និងបានស្នើឲ្យ​ចិន ក៏ដូចជា រុស្ស៊ី បញ្ឈប់ការរារាំងសេចក្តីសម្រេចនានានៅអង្គការសហប្រជាជាតិ ដែលមានបំណងការពារនាវាពាណិជ្ជកម្ម។

កាលពីចុងសប្តាហ៍មុន ប្រទេសចិន បានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្មចិន ថែមទាំងបានបញ្ជាឲ្យ​ក្រុមហ៊ុនក្នុងស្រុក មិនត្រូវអនុវត្តតាមទណ្ឌកម្មរបស់អាមេរិកឡើយ ដោយអះអាងថា វាជាទណ្ឌកម្មខុសច្បាប់។ ទោះបីជាមានការជជែកដេញដោលគ្នាបែបនេះក្ដី លោក Bessent នៅតែជឿជាក់ថា ទំនាក់ទំនងរវាងលោក ត្រាំ និងលោក ស៊ី នៅតែមានភាពរឹងមាំ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក ដែលនឹងជួយរក្សាស្ថិរភាពរវាងប្រទេសទាំងពីរបាន។

ដោយឡែក ចំពោះបញ្ហាតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់ លោក Bessent បានលើកទឹកចិត្តដល់ប្រជាជនអាមេរិកថា នេះគ្រាន់តែជាស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ។ លោកអះអាងថា បច្ចុប្បន្នអាមេរិកកំពុងគ្រប់គ្រងស្ថានការណ៍នៅច្រកសមុទ្រហ័រមូស បានយ៉ាងល្អ ហើយប្រតិបត្តិការថ្មីរបស់កងទ័ពជើងទឹកអាមេរិក ក្នុងការនាំផ្លូវនាវាដឹកជញ្ជូន នឹងជួយឲ្យ​តម្លៃប្រេងធ្លាក់ចុះមកវិញក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម