អត្ថាធិប្បាយ
ល្បែងនយោបាយ និងច្បាប់អន្តរជាតិ៖ តថភាពផ្លូវច្បាប់ និងភូមិសាស្ត្រនយោបាយ ក្នុងសំណុំរឿងតំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃ
ការសម្រេចចិត្តជាឯកតោភាគីរបស់ភាគីថៃក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU ៤៤) បានធ្វើឱ្យរលកនៃការជជែកដេញដោលនៅកម្ពុជាផ្ទុះឡើងសារជាថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការប្រែក្រឡាស់យ៉ាងលឿននៃវោហារសាស្ត្រនយោបាយ៖ ពីអតីតកាលដែលធ្លាប់មានការទាមទារយ៉ាងទទូចឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនេះដោយចោទថា «ធ្វើឱ្យបាត់បង់អធិបតេយ្យភាព» ស្រាប់តែពេលនេះបែរជាលេចចេញនូវក្តីបារម្ភ និងការបំភិតបំភ័យថា «ថៃនឹងប្រើកម្លាំងយោធាដណ្តើមកាន់កាប់តំបន់សមុទ្រនេះតែម្នាក់ឯង»ទៅវិញ។ តើការគំរាមកំហែងនេះជារឿងពិត ឬគ្រាន់តែជាល្បែងនយោបាយប្រជាភិថុតិ? ដើម្បីស្វែងយល់ពីមូលហេតុស៊ីជម្រៅ គេចាំបាច់ត្រូវបែងចែកឱ្យដាច់ពីគ្នារវាង “ការពិតផ្នែកច្បាប់ និងការទូត” និង”យុទ្ធសាស្ត្រនយោបាយ” ព្រមទាំងហ៊ានទទួលស្គាល់នូវចំណុចខ្វះខាតរបស់អ្នកអនុវត្តគោលនយោបាយផងដែរ។

១. ការពិត និងបរិបទផ្លូវច្បាប់នៃ MOU ២០០១
ដើម្បីវាយតម្លៃពីផលចំណេញ ឬខាតបង់ យើងត្រូវយល់ពីគោលការណ៍ច្បាប់ដែលគ្របដណ្ដប់លើកិច្ចព្រមព្រៀងនេះជាមុនសិន៖
- យន្តការបណ្ដោះអាសន្ន៖ MOU ២០០១ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនស្ថាពរនោះទេ ប៉ុន្តែ វា គឺជាកិច្ចព្រមព្រៀងជាក្របខ័ណ្ឌ (Framework Agreement)។ គោលដៅចម្បង គឺដើម្បីបង្កើតយន្តការចរចាលើការអភិវឌ្ឍរួមគ្នា (JDA) នូវធនធានប្រេង និងឧស្ម័ន ព្រមទាំង ការកំណត់ព្រំដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នា(OCA) ដែលមានទំហំប្រមាណ ២៧,០០០ គីឡូម៉ែត្រការ៉េ។
- ខែលការពារអធិបតេយ្យភាព៖ តាមគោលការណ៍ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនេះ មានចែងយ៉ាងច្បាស់អំពី “Non-Prejudice Clause” ដែលមានន័យថា រាល់សកម្មភាព ឬការចរចាទាំងឡាយក្រោម MOU នេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការទាមទារអធិបតេយ្យភាពរបស់ភាគីណាមួយឡើយ។ ដូច្នេះ វាគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីបើកផ្លូវទាញយកផលប្រយោជន៍សេដ្ឋកិច្ចសិន ខណៈរឿងព្រំដែនជាបញ្ហាស្មុគស្មាញដែលត្រូវទុកដោះស្រាយតាមក្រោយ។
២. ការវិភាគលើការផ្លាស់ប្តូរវោហារសាស្ត្រនយោបាយរបស់អ្នករិះគន់
ការប្រែប្រួលសំឡេងងរិះគន់ អាចត្រូវបានបកស្រាយតាមរយៈល្បែងយុទ្ធសាស្ត្រនៃការប្រកួតប្រជែងនយោបាយ៖
- កាលពីអតីតកាល ហេតុអ្វីទាមទារឲ្យលុបចោល? ក្នុងបរិបទនយោបាយកម្ពុជា បញ្ហាព្រំដែនជារឿងរសើប និងងាយស្រួលបំផុតក្នុងការទាញយកការគាំទ្រពីមហាជន។ ការចោទប្រកាន់ថា កិច្ចព្រមព្រៀងនេះធ្វើឲ្យបាត់បង់អធិបតេយ្យភាព គឺជាយុទ្ធសាស្ត្រទាក់ទាញស្មារតីជាតិនិយម ដោយកេងចំណេញលើភាពស្មុគស្មាញនៃបច្ចេកទេសច្បាប់ ដែលមហាជនទូទៅពិបាកនឹងយល់បានពេញលេញ។
- បច្ចុប្បន្ន ហេតុអ្វីបែរជាព្រួយបារម្ភ? ការដែលថៃលុបចោល MOU ២០០១ បានធ្វើឲ្យវោហារសាស្ត្រប្រែក្រឡាស់ដោយសារកត្តាសំខាន់២ គឺទី១. ការបាត់បង់យន្តការទ្វេភាគីដែលធ្លាប់ដើរតួជា “ខែលផ្លូវច្បាប់” ចងរដ្ឋាភិបាលថៃមិនឲ្យធ្វើសកម្មភាពឯកតោភាគី។ ទី២. ជាការផ្លាស់ប្តូរគោលដៅវាយប្រហារនយោបាយ។ ពេលមាន MOU គេ
វាយប្រហារថាចុះកិច្ចព្រមព្រៀងនាំឲ្យខាតបង់ តែពេលថៃលុបចោល គេបែរមកបន្ទោសរដ្ឋាភិបាលថាទន់ខ្សោយផ្នែកការទូត។

៣. ចំណែកការទទួលខុសត្រូវរបស់រដ្ឋាភិបាល៖ ភាពចន្លោះប្រហោងនៃយុទ្ធសាស្ត្រទំនាក់ទំនង
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការវិភាគនេះមានភាពយុត្តិធម៌ គេត្រូវទទួលស្គាល់ថា ការដែលវោហារសាស្ត្របំភិតបំភ័យទាំងនេះ អាចជ្រៀតចូលទៅក្នុងផ្នត់គំនិតមហាជនបានយ៉ាងងាយស្រួល ក៏ជាការឆ្លុះបញ្ចាំងពីភាពខ្សោយនៃយុទ្ធសាស្ត្រទំនាក់ទំនង និងតម្លាភាពរបស់រដ្ឋាភិបាលផងដែរ។
កន្លងមក រដ្ឋាភិបាលហាក់មានភាពយឺតយ៉ាវក្នុងការប្រាស្រ័យទាក់ទង និងមិនបានពន្យល់ពីទិដ្ឋភាពបច្ចេកទេសច្បាប់នៃ MOU ២០០១ នេះឱ្យបានទូលំទូលាយ និងជាប្រចាំដល់សាធារណជននោះទេ។ ការរក្សាព័ត៌មានកិច្ចការព្រំដែនជាអាថ៌កំបាំងហួសហេតុ និងការខ្វះយន្តការអប់រំសាធារណៈបែបវិទ្យាសាស្ត្រ និងច្បាប់ បានបង្កើតជាចន្លោះប្រហោងព័ត៌មាន (Information Vacuum) ដែលអនុញ្ញាតឱ្យក្រុមអ្នករិះគន់ អាចកេងចំណេញនយោបាយបាន។ ភាពជោគជ័យនៃការទូត មិនមែនពឹងផ្អែកតែលើតុចរចាជាមួយបរទេសនោះទេ តែទាមទារឱ្យមានការកសាងទំនុកចិត្តតាមរយៈភាពច្បាស់លាស់ជាមួយប្រជាពលរដ្ឋខ្លួនឯងជាមុនសិន។
៤. តើការគំរាមកំហែងផ្នែកយោធាជារឿងពិត ឬជាការបំភិតបំភ័យ?
ការព្រួយបារម្ភដែលថា ថៃអាចនឹងប្រើកម្លាំងយោធាដណ្ដើមកាន់កាប់ដីត្រួតស៊ីគ្នា ដោយផ្អែកលើបទពិសោធន៍ដែលយោធាថៃធ្លាប់ប្រើកម្លាំងនៅតាមតំបន់ព្រំដែនគោកកន្លងមក គឺជារឿងដែលងាយធ្វើឲ្យមហាជនជឿ។ ប៉ុន្តែ យុទ្ធសាស្ត្រយោធា និងភូមិសាស្ត្រនយោបាយនៅក្នុង “លំហសមុទ្រ” មានលក្ខណៈខុសប្លែកទាំងស្រុងពី “ដែនគោក”។ ការអះអាងនេះ មានលក្ខណៈជាការបំភិតបំភ័យ (Fearmongering) ច្រើនជាងការពិតជាក់ស្តែង ដោយផ្អែកលើកត្តាស្នូលចំនួន៤៖
- ដែនកំណត់នៃភូមិសាស្ត្ររូបវន្ត និងការឈរជើងយោធា៖ នៅលើដែនគោក កងទ័ពអាចដណ្តើមទីតាំង ជីកលេណដ្ឋាន សង់ប៉ុស្តិ៍យាមបានដោយងាយ។ ផ្ទុយទៅវិញ ដែនសមុទ្រ គឺជាលំហទឹកចំហ។ ការដាក់ពង្រាយនាវាចម្បាំងដើម្បី “កាន់កាប់ និងបិទខ្ទប់” ផ្ទៃទឹកទំហំជាង ២៧,០០០ គីឡូម៉ែត្រការ៉េ ទាមទារការចំណាយធនធានហិរញ្ញវត្ថុ និងភស្តុភារយ៉ាងធំធេង ដែលជាយុទ្ធសាស្ត្រមិនអាចទ្រទ្រង់បាន។
- សេដ្ឋកិច្ច និងប្រតិកម្មរបស់ក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍ (MNCs)៖ គោលដៅចម្បងនៃតំបន់នេះ គឺដើម្បីបូមយកប្រេង និងឧស្ម័ន ដែលទាមទារបច្ចេកវិទ្យាជឿនលឿន និងទុនវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនប្រេងអន្តរជាតិ។ គ្មានក្រុមហ៊ុនអន្តរជាតិណាមួយ ហ៊ានបោះទុនសាងសង់រោងចក្របូមប្រេងនៅក្នុងតំបន់ដែលមានជម្លោះយោធា ឬគ្មានភាពច្បាស់លាស់ផ្នែកច្បាប់នោះឡើយ។
- សេរីភាពនាវាចរណ៍ និងរបៀបវារៈសកល (UNCLOS 1982)៖ ឈូងសមុទ្រថៃ គឺជាសរសៃឈាមនៃផ្លូវនាវាចរណ៍អន្តរជាតិ។ ការដាក់ពង្រាយកម្លាំងយោធាជើងទឹក ដើម្បីទន្ទ្រានកាន់កាប់ នឹងរំខានដល់ “សេរីភាពនាវាចរណ៍” (Freedom of Navigation)។ ទង្វើនេះ គឺជាបន្ទាត់ក្រហម ដែលនឹងប្រទាញការធ្វើអន្តរាគមន៍ភ្លាមៗពីសំណាក់មហាអំណាចធំៗ និងរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់សមុទ្រ ដែលអាចឈានទៅរកទណ្ឌកម្មសេដ្ឋកិច្ច។
- ការអន្តរជាតូបនីយកម្មនៃវិវាទ៖ ការលុបចោល MOU ពីសំណាក់ថៃ មិនមែនមានន័យថាកម្ពុជាបាត់បង់សិទ្ធិនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែបង្ខំឲ្យបញ្ហានេះឆ្លងផុតពីក្របខ័ណ្ឌចរចាទ្វេភាគី ធ្លាក់ទៅក្នុងយន្តការយុត្តាធិការអន្តរជាតិទាំងស្រុងប៉ុណ្ណោះ។ កម្ពុជានៅតែមានសិទ្ធិអំណាចពេញលេញក្នុងការទាមទារ និងតតាំងក្តីនៅតុលាការអន្តរជាតិ។

សេចក្តីសន្និដ្ឋាន
ជារួម ការផ្លាស់ប្តូរវោហារសាស្ត្រនេះ គឺជារឿងធម្មតាក្នុងការលេងល្បែងនយោបាយដែលតែងតែយកបញ្ហាជាតិនិយម និងភាពភ័យខ្លាចមកធ្វើជាឧបករណ៍ ចំណែកឯរដ្ឋាភិបាល ក៏ត្រូវកែប្រែភាពទន់ខ្សោយក្នុងការផ្តល់ព័ត៌មានពិតប្រាកដដល់ប្រជាជនផងដែរ។ ការអះអាងថាថៃ នឹងប្រើកម្លាំងយោធាដើម្បីដណ្តើមយកប្រេងតែម្នាក់ឯង គឺជាវោហារសាស្ត្របំភិតបំភ័យដែលផ្ទុយពីតថភាពច្បាប់អន្តរជាតិ និងសេដ្ឋកិច្ចសកល។
អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជានៅពេលនេះ គឺមិនមែនការភ័យស្លន់ស្លោតាមពាក្យចចាមអារ៉ាមនោះទេ ប៉ុន្តែ គឺការបន្តពង្រឹងឯកសារផ្លូវច្បាប់ និងយុទ្ធសាស្ត្រទូតអន្តរជាតិ។ ក្នុងកាលៈទេសៈដែលផលប្រយោជន៍ និងអធិបតេយ្យភាពជាតិត្រូវតម្កល់ជាអាទិភាពកំពូល គ្រប់និន្នាការនយោបាយទាំងអស់ ចាំបាច់ត្រូវតែរួមគិត រួមធ្វើ និងបង្ហាញនូវស្មារតីឯកភាពជាតិជាធ្លុងមួយ។ អ្នកនយោបាយគ្រប់ភាគីគប្បីបង្ហាញនូវភាពស្មោះត្រង់ពិតប្រាកដចំពោះជាតិ និងប្រជាជន ដោយជៀសវាងដាច់ខាតនូវការយកបញ្ហាព្រំដែនដ៏រសើបនេះ ទៅធ្វើជាឧបករណ៍សម្រាប់ប្រជែងយកប្រៀបខាងនយោបាយ។ ការប្រកាន់យកជំហរច្បាប់អន្តរជាតិជាត្រីវិស័យ និងការរួបរួមស្មារតីខ្មែរតែមួយ គឺជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងរឹងមាំបំផុត ក្នុងការធានាបាននូវអធិបតេយ្យភាព និងផលប្រយោជន៍ជាតិយូរអង្វែងនៅលើឆាកអន្តរជាតិ៕
ដោយ៖ មេធាវី ឡុង បញ្ញាវុឌ្ឍ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


