ព័ត៌មានអន្ដរជាតិ
រុស្ស៊ីមិនគោរពបទឈប់បាញ់ប្រកាសដោយអ៊ុយក្រែនទេ ជាមួយការរំលោភ ១៨០០ លើក
យោងតាមការចេញផ្សាយរបស់ Yahoo កាលពីថ្ងៃពុធទី៦ ខែឧសភា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា រុស្ស៊ីបានព្រងើយកន្តើយចំពោះសំណើបទឈប់បាញ់របស់ទីក្រុងកៀវ ក្នុងការបញ្ឈប់អរិភាព ដោយលោករាយការណ៍ថា មានការរំលោភបំពានជាង ១,៨០០ លើក លើការប្រកាសបទឈប់បាញ់ជាឯកតោភាគីរបស់ភាគីអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃទី៦ខែឧសភា។

លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា «គិតត្រឹមថ្ងៃនេះ យើងអាចបញ្ជាក់បានថា ភាគីខាងរុស្ស៊ីបានបង្កការរំខានដល់របបបទឈប់បាញ់ហើយ។ ដូច្នេះ ទីក្រុងកៀវ នឹងសម្រេចចិត្តអំពីរបៀបបន្តចំណាត់ការ ដោយផ្អែកលើរបាយការណ៍យោធា និងការស៊ើបការណ៍សម្ងាត់»។
អ៊ុយក្រែន បានប្រកាសបទឈប់បាញ់ដែលមានប្រសិទ្ធភាព ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ហើយអំពាវនាវឲ្យរុស្ស៊ីចូលរួមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានប្រកាសថា បទឈប់បាញ់ផ្ទាល់ខ្លួនរបស់ខ្លួននឹងចាប់ផ្តើមមានប្រសិទ្ធភាពនៅថ្ងៃសុក្រ ដើម្បីអបអរសាទរទិវាជ័យជម្នះ ថ្ងៃទី៩ ខែឧសភា ដែលជាការរំលឹកខួបនៃការទទួលជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha កាលពីមុនចោទប្រកាន់ទីក្រុងម៉ូស្គូថា បានរំលោភលើបទឈប់បាញ់របស់ទីក្រុងកៀវ។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា ការវាយប្រហាររបស់រុស្ស៊ីដោយប្រើដ្រូនចំនួន ១០៨ គ្រឿង និងមីស៊ីលចំនួន ៣ គ្រាប់ បានបន្តកើតមានពេញមួយយប់ រួមទាំងមានការវាយប្រហារនៅពេលព្រឹកលើទីក្រុងខាកៀវ (Kharkiv) និងទីក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា (Zaporizhzhia) ផងដែរ។
លោក Sybiha បានសរសេរទៀតថា ទីក្រុងម៉ូស្គូបានព្រងើយកន្តើយម្តងទៀត ចំពោះការអំពាវនាវដ៏សមហេតុផល និងយុត្តិធម៌ក្នុងការបញ្ឈប់អរិភាព ដែលគាំទ្រដោយរដ្ឋផ្សេងៗ និងអង្គការអន្តរជាតិ។ នេះសបញ្ជាក់ឲ្យឃើញថា រុស្ស៊ីបដិសេធសន្តិភាព ហើយការអំពាវនាវក្លែងក្លាយរបស់ខ្លួនសម្រាប់បទឈប់បាញ់នៅថ្ងៃទី៩ ខែឧសភា គឺមិនពាក់ព័ន្ធនឹងការទូតទាល់តែសោះ។ លោក ពូទីន គិតតែពីរឿងក្បួនព្យុហយាត្រាយោធាប៉ុណ្ណោះ មិនមែនជីវិតមនុស្សឡើយ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ដែរថា ក្រសួងការពារជាតិរុស្ស៊ី បានស្ទាក់ចាប់ដ្រូនរបស់អ៊ុយក្រែនចំនួន ៥៣ គ្រឿង នៅលើទឹកដីរបស់ខ្លួន និងនៅលើឧបទ្វីបគ្រីមៀ ដែលខ្លួនបានកាត់បញ្ចូល។ គេមិនទាន់ច្បាស់នៅឡើយទេថា តើដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់មុនពេលការចាប់ផ្តើមបទឈប់បាញ់របស់លោក ហ្សេឡេនស្គី ឬយ៉ាងណានោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


