Connect with us

ព័ត៌មានអន្ដរជាតិ

បារ៉ែន​ ដាក់​សំណើដំណោះស្រាយ​ថ្មី​​ទៅ​កាន់​ UNSC ​ក្រោយ​អ៊ីរ៉ង់​​​វាយប្រហារ​អារ៉ាប់រួម​​

បានផុស

នៅ

ប្រទេសបារ៉ែន និងអារ៉ាប់រួម (UAE) ស្ថិតនៅឈូងសមុទ្រពែរ្ស​​ កាលពីថ្ងៃពុធទី៦ ខែឧសភា បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់មកលើអារ៉ាប់រួម ដោយបានអំពាវនាវឲ្យមានការឆ្លើយតបដែលគួរឲ្យជឿទុកចិត្ត រួបរួមគ្នា យ៉ាង​ម៉ឺងម៉ាត់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC)។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលកិច្ចពិគ្រោះយោបល់បិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខតាមសំណើរបស់ប្រទេស​បារ៉ែននៅថ្ងៃនេះ លោក Jamal Fares Alrowaiei ឯកអគ្គរាជទូតបារ៉ែន បានបញ្ជាក់ជាថ្មីនូវ សាមគ្គីភាពពេញទំហឹង ជាមួយអារ៉ាប់រួម និងបានថ្កោលទោស ការវាយប្រហាររបស់អ៊ីរ៉ង់មកលើអារ៉ាប់រួម កាលពីថ្ងៃទី៤ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន alarabiya

លោក Alrowaiei បាននិយាយថា «សន្តិសុខនៅក្នុងតំបន់គឺមិនអាចបំបែកដាច់ពីគ្នាបានឡើយ ហើយការវាយប្រហារបែបនេះត្រូវតែបញ្ឈប់ជាបន្ទាន់ សកម្មភាពទាំងនេះទាមទារឲ្យមានការឆ្លើយតបដ៏គួរឲ្យជឿទុកចិត្ត រួបរួមគ្នា និងម៉ឺងម៉ាត់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីក្រុមប្រឹក្សាសន្តិសុខ»។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតអារ៉ាប់រួម លោក Mohamed Abushahab បាននិយាយកាលពីថ្ងៃទី៤ ខែឧសភាថា អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលបាលីស្ទីក ចំនួន ១២ គ្រាប់ មីស៊ីលបញ្ជាទិស ចំនួន ៣ គ្រាប់ និងដ្រូន (UAVs) ចំនួន ៤ គ្រឿង មកលើសហអារ៉ាប់រួមដោយផ្ទាល់។

លោកបានបន្ថែមថា ការវាយប្រហារទាំងនេះ រួមមានការវាយប្រហារតាមអាកាសដោយប្រើដ្រូន ដែលបង្កឲ្យមានអគ្គិភ័យនៅក្នុងតំបន់ឧស្សាហកម្មប្រេង Fujairah ដែលជាហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលដ៏សំខាន់។ ប្រព័ន្ធការពារអាកាសរបស់អារ៉ាប់រួម បានស្ទាក់ចាប់ការគំរាមកំហែងភាគច្រើនទាំងនេះដោយជោគជ័យ ដែលធ្វើឲ្យការខូចខាតមានកម្រិតទាប។ យ៉ាងណាក៏ដោយ ហេតុការណ៍នោះបានបណ្តាលឲ្យជនស៊ីវិល ៣ នាក់រងរបួស។

លោកបានបញ្ជាក់ជាថ្មីថា សហអារ៉ាប់រួមថ្កោលទោសការវាយប្រហារទាំងនេះ «ក្នុងកម្រិតធ្ងន់ធ្ងរបំផុត» ទង្វើទាំងនេះបានរំលោភលើសេចក្តីសម្រេចចិត្តលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលជា សេចក្តីសម្រេចចិត្តរួមគ្នាឧបត្ថម្ភដោយរដ្ឋជាសមាជិកចំនួន ១៣៦ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមប្រឹក្សានេះ។

គួរបញ្ចាក់ដែរថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាប់ផ្តើមការពិភាក្សាបិទទ្វារកាលពីថ្ងៃអង្គារ លើសេចក្តីព្រាងដំណោះស្រាយ​មួយដែលរៀបចំឡើងដោយអាមេរិក រួមជាមួយប្រទេសបារ៉ែន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត និងកាតា ដោយទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីននៅក្នុងច្រកសមុទ្រ ហ័រមូស ។ ប្រសិនបើសេចក្តីព្រាងដំណោះស្រាយ​នេះត្រូវបានអនុម័ត វាអាចនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ និងអាចឈានដល់ការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា បើទីក្រុងតេហេរ៉ង់ខកខានក្នុងការបញ្ឈប់ការវាយប្រហារ និងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្ម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចិន ជំរុញ​ការ​ចរចាលើបញ្ហា​អ៊ីរ៉ង់ និង ប្រកាសជំហរប្រឆាំងការផ្ទុះជម្លោះជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម