Connect with us

ព័ត៌មានជាតិ

ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះវិហារ ត្រូវបានសម្ពោធជាផ្លូវការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងតាមរយៈ លោក គីម រិទ្ធី ប្រធាន អ.ន.ក.ខេត្ត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ៣៥០នាក់ ។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា ក្នុងនាមប្រធាន អ.ន.ក.ខេត្ត នឹងរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើសេវាលើតម្រូវការជូនសមាជិកទាំងអស់ជាអតីតយុទ្ធជន និងនិវត្តជន។

នាឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើងក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម