ព័ត៌មានជាតិ
អភិបាលរាជធានីសូមឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារសហការជាមួយអាជ្ញាធរ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online ឱ្យអស់
លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសូមឱ្យបងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។

បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺបងប្អូននេះហើយ។ ការលើកឡើងខាងលើនេះរបស់ លោកឃួង ស្រេង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យ លេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបន្តថា ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងការពារនិងគិតគូរពីផលប្រយោជន៍បងប្អូន។ ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់។តែបើពួកគាត់មកកម្ពុជា ដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាយើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។

យើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Scam Online ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រូបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាព មិនប្រក្រតី ឬបទល្មើស Scam Online បានគ្រប់ពេលវេលា។ លើសពីនេះទៀត លោកអភិបាលក៏បាន ណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។

កម្មវិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់តំណាងម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួនជាង៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញ ពីសំណាក់លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិយាល័យជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីផងដែរ។
លោកហ៊ុន សុរិទ្ធី បានលើកឡើងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៩ទំព័រ ៥ជំពូកនិង២៤មាត្រា ហើយក្នុងច្បាប់នេះ លោកបានលើកឡើងតែចំនួន៦មាត្រា តែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី លោកអភិបាលរងរូបនេះ បានជំរុញឱ្យបង ប្អូនទាំងអស់ពិនិត្យច្បាប់នេះឱ្យបានលម្អិតល្អន់ ជៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ ដោយគិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Scam Online នេះបានចំនួន១៤២ទីតាំងហើយ។

មុននឹង បញ្ចប់ អង្គពិធីបានផ្តល់ឱកាសជូនតំណាងម្ចាស់ទីតាំងដែលចូលរួមអាចលើកឡើងពីចំណាប់អារម្មណ៍ ឬសំណួរ-ចម្ងល់ផ្សេងៗ ហេីយ ចម្ងល់ទាំងនោះត្រូវបានធ្វើការបកស្រាយ និងពន្យល់លម្អិតដោយឯកឧត្តមវាគ្មិន ព្រមទាំងការពន្យល់បន្ថែមដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញផងដែរ។ ក្រោយ ពីបាន ស្តាប់ ការ បកស្រាយ រួច មក តំណាងម្ចាស់ទីតាំងដែល បានចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ដោយបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


