Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ មិនបោះបង់​ជំហរ​​​បំផ្លាញ​បណ្ដាញភេរវកម្ម ពេលរំឭកខួប​១ឆ្នាំ​ក្នុងជម្លោះ​ជាមួយប៉ាគីស្ថាន​

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ឥណ្ឌានៅតែប្រកាន់ជំហររឹងមាំដូចដែលធ្លាប់មាន ក្នុងឆន្ទៈកម្ចាត់អំពើភេរវកម្ម និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលបង្កលក្ខណៈងាយស្រួលដល់​បណ្តាញ​ភរវករ​​។

ការថ្លែង​បែបនេះ​​របស់​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ កើតឡើង​​​ក្នុង​ខួបមួយឆ្នាំ ចាប់តាំងពីការបើកប្រតិបត្តិការដែលឥណ្ឌាប្រសិទ្ធនាមថា «ប្រតិបត្តិការ Sindoor» ព្រមទាំងរំលឹកខួបមួយឆ្នាំនៃជម្លោះដ៏សាហាវ ជាមួយ​​បងប្អូនសត្រូវ​ ប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានធ្លាក់ចុះ​យ៉ាង​ដុនដាប​កាលពីឆ្នាំមុន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា នៅតំបន់ Pahalgam ក្នុងដែនដី Kashmir គ្រប់គ្រងដោយឥណ្ឌា ដោយបណ្តាលឲ្យមនុស្ស ២៦ នាក់បាត់បង់ជីវិត ដែលភាគច្រើនជាអ្នកទេសចរហិណ្ឌូ ហើយវាបាននាំឲ្យមានជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារនេះ ប៉ុន្តែទីក្រុង Islamabad បានបដិសេធការចោទប្រកាន់នេះ ដែលបង្កឲ្យមានវិធានការការទូតសងសឹកគ្នាទៅវិញទៅមក និងការកើនឡើងនូវភាពតានតឹងយោធាយ៉ាងខ្លាំងក្លា។ ជម្លោះបានឈានដល់ការកើនឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ទៅលើអ្វីដែលខ្លួនបានពណ៌នាថាជា «ជំរំភេរវករ» នៅក្នុងប្រទេសប៉ាគីស្ថាន។

ហេតុការណ៍នោះបានជំរុញឲ្យមានការឆ្លើយតបភ្លាមៗពីទីក្រុង Islamabad ដែលនាំឲ្យមានការវាយប្រហារតាមអាកាស ការប្រើប្រាស់ហ្វូងដ្រូន និងការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ដាក់គ្នាទៅវិញទៅមក រវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ។

យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រទេសប៉ាគីស្ថានបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួបនៃជម្លោះដែលទីក្រុង Islamabad ហៅថា «Marka-e-Haq» ឬ «សមរភូមិនៃការពិត» ថា ពួកគេនឹងការពារខ្លួនយ៉ាងរឹងមាំបំផុតប្រឆាំងនឹងការវាយប្រហារណាមួយ។ ជាពិសេស រាល់ការគំរាមកំហែងណាមួយមកលើមាតុភូមិរបស់យើង នឹងត្រូវតបតវិញដោយសាមគ្គីភាពជាតិ ឆន្ទៈដ៏រឹងមាំ និងកម្លាំងតាមរយៈគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម