Connect with us

កីឡា

បឹងកេត តាម​ស្មើ​ពិន្ទុ អង្គរថាយហ្គឺរ ខណៈ ភ្នំពេញក្រោន ធ្លាក់​មក​លេខ ៣ ក្នុង​តារាង​ពិន្ទុ

បានផុស

នៅ

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-២ លើ​ក្រុម​ម្ចាស់​ជើង​ឯក ព្រះ​ខ័ន​រាជ​ស្វាយរៀង ពេល​នេះ បឹងកេត បានតាម​​ទាន់ពិន្ទុ​ ភ្នំពេញ​ក្រោន និង អង្គរថាយហ្គឺរ ​ដើម្បី​ប្រជែង​តំណែង​លេខ ២ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកេត មាន ៥០ ពិន្ទុ ស្ថិត​នៅ​លេខ ៤ ស្ថិត​ក្រោម អង្គរថាយហ្គឺរ និង​​ ភ្នំពេញ​ក្រោន ក៏​មាន ៥០ ពិន្ទុ​ដូច​គ្នា ស្ថិត​នៅ​លេខ ២ និង​លេខ ៣ ប៉ុន្តែ​ ភ្នំពេញ​ក្រោន និង​ អង្គរថាយហ្គឺរ នៅ​សល់ ២ ប្រកួត​ក្នុង​ដៃ ខណៈ បឹងកេត នៅ​សល់​តែ ១ ប្រកួត​ទៀត​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​ឧសភា នេះ ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ ណាហ្គាវើលដ៍ ហើយ អង្គរថាយហ្គឺរ ត្រូវប្រកួត​ជា​មួយ អឹមអូអាយ កំពង់ដេវ៉ា។ លទ្ធផល​នៃ​ការ​ប្រកួត​គូ​ទាំងពីរ នឹង​ធ្វើ​ឲ្យ​ប្រែ​ប្រួល​ចំណាត់​ថ្នាក់​ក្នុង​តារាង។

ប្រសិន​បើ ភ្នំពេញ​ក្រោន និង ​អង្គរថាយហ្គឺរ ឈ្នះ​ដូច​គ្នា តារាង​ចំណាត់​ថ្នាក់​នៅ​ដដែល ប៉ុន្តែ​បើ​​ អង្គរថាយហ្គឺរ ចាញ់ ហើយ​ភ្នំពេញក្រោន​ ឈ្នះ​គឺ​​ជា​អ្នក​ឡើង​ទៅ​លេខ ២ វិញ។ បច្ចុប្បន្ន ​ភ្នំពេញក្រោន មិន​សូវ​ល្អ​ប្រសើរ​ឡើយ​​ឡើយ​ដោយ​ចាញ់​ច្រើន​ជាង​ឈ្នះ។ ៥ ប្រកួត​ចុង​ក្រោយ ពួក​គេ​រក​បាន ៣ ពិន្ទុ​ប៉ុណ្ណោះ គឺ ឈ្នះ ១ និង​ចាញ់ ៤ ខណៈ ណាហ្គាវើលដ៍ ឈ្នះ ១ ស្មើ ១ និង​ចាញ់ ៣ សម្រាប់​ ៥ ប្រកួត​ចុង​ក្រោយ។

ជួប​គ្នា ៣ លើក​កន្លង​មក នៅ​ក្នុង​រដូវ​កាល​នេះ ភ្នំពេញ​ក្រោន ឈ្នះ ២ លើក ខណៈ ណាហ្គាវើលដ៍ ឈ្នះ ១ លើក។ ជុំ​ទី​១ ភ្នំពេញ​ក្រោន បានឈ្នះ ១-០ ក្នុង​ជើង​ទី១ និង​បន្ត​ឈ្នះ ២-១ ក្នុង​ជើង​ទី​២។ វគ្គ Top 6 ជើង​ទី​១ ណាហ្គាវើលដ៍ ឈ្នះ ១-០ នៅ​ទឹក​ដី​របស់​ខ្លួន ហើយ​ជើង​ទី​២ ត្រូវ​ទៅ​លេង​ទឹក​ដី ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​អាទិត្យ ទី​១០ ខែ​ឧសភា​នេះ។

អង្គរថាយហ្គឺរ ដែល​ឡើង​មក​កាន់​​លេខ ២ មិន​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ទទួល​ស្គាល់​ក្នុង​នាម​ក្លិប​​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ក្លិប​​ចូល​រួម​ប្រកួត​ពាន​អាស៊ី​ឡើយ ដូច្នេះ​ទោះ​បី​ជា​ពួក​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​លីគ ក៏​ទំនង​ជា​មិន​អាច​បាន​ប្រកួត​ពាន​អន្តរជាតិ​ដែរ។ ដូច្នេះ​មាន​តែ ភ្នំពេញ​ក្រោន និង បឹងកេត ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​កន្លះ​កៅ​ពាន​អាស៊ី AFC Champions League Two៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម